(ប៉ារីស)៖ បើមិនមែន Boeing គឺមានតែ Airbus ហ្នឹងហើយជាអ្នកទទួលផលចំណេញ នៅពេលភាគីណាមួយជួបបញ្ហា ព្រោះនៅលើពិភពលោកនេះ ក្រុមហ៊ុនផលិតយន្តហោះយក្សទាំងពីរ ជាអ្នកគ្រប់គ្រងពាណិជ្ជកម្មយន្តហោះដឹកនាំដំណើរ ស្ទើរតែទាំងស្រុងទៅហើយ។ ពេលនេះក្រុមហ៊ុន Airbus របស់បារាំងកំពុងកាក់កបខ្លាំងបន្ថែមទៀត ដោយគ្រោងបង្កើនការផលិតយន្តហោះត្រកូល A321 ដើម្បីឲ្យសមស្របទៅហ្នឹងតម្រូវការកើនឡើង។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

ជុំវិញភាពរីកចំរើនគួរជាទីមោទនៈនេះ លោក ម៉ៃឃើល ស្កូលហន (Michael Schoellhorn) នាយកផ្នែកផលិតរបស់ក្រុមហ៊ុន Airbus បានថ្លែងចេញពីរោងចក្រ Airbus ស្ថិតនៅទីក្រុងទូលូ (Toulouse) ប្រទេសបារាំងយ៉ាងដូច្នេះថា «យើងកំពុងតែរីករាយចំពោះការកើនឡើង នូវការបញ្ជាទិញយន្តហោះថ្មីៗ ដែលយើងមិនធ្លាប់នឹកស្មានមិនដល់ សម្រាប់យន្តហោះត្រូវកូល A320neo Family និងពិសេសគឺត្រកូល A321 LR ព្រមទាំង A321 XLR តែម្តង»

គួរបញ្ជាក់ថា ក្រៅពីទឹកដីបារាំងផ្ទាល់ ការផលិតយន្តហោះរបស់ក្រុមហ៊ុន Airbus គឺត្រូវបានធ្វើឡើងនៅរោងចក្រក្នុងទីក្រុងហាំប៊ឺក (Hamburg) នៃប្រទេសអាល្លឺម៉ង់ និងរដ្ឋអាឡាបាម៉ា (Alabama) នៃសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន Boeing និង Airbus ទាំងពីរនេះគ្រប់គ្រងទីផ្សារយន្តហោះលើពិភពលោក រហូតដល់ទៅ ៩១%ឯណោះ ហើយក្រុមហ៊ុន Airbus ឈរនៅលេខ ១ ដោយមានចំណែកទីផ្សាររហូតដល់ ៥៦%៕