(ញូដេលី)៖ ប្រទេសឥណ្ឌាទើបតែបានសាកល្បង មីស៊ីលផ្លោង K-4 របស់ខ្លួន ប្រភេទបាញ់ចេញពីនាវាមុជទឹក ហើយមានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌា មីស៊ីលនោះត្រូវបានធ្វើតេស្តនៅឈូងសមុទ្រ Bengal ភាគអាគ្នេយ៍ប្រទេសឥណ្ឌា កាល ពីប៉ុន្មានថ្ងៃមុន ហើយវាត្រូវបានបាញ់ចេញពីឧបករណ៍មួយដែលស្ថិតនៅក្រោមផ្ទៃសមុទ្រ ដែលប្រៀបដូចជាការបាញ់ចេញពីនាវាមុជទឹក យ៉ាងដូច្នោះ។ កំឡុងការធ្វើតេស្ត មីស៊ីល K-4 នោះ ហោះបានចម្ងាយ២,២០០គីឡូម៉ែត្រ ដែលវាគឺជាលើកទីមួយហើយសម្រាប់មីស៊ីលនេះ ក្នុងការ បាញ់សាកល្បងចម្ងាយឆ្ងាយបែបនេះ ដោយកន្លងមកមីស៊ីល K-4 ត្រូវបានធ្វើតេស្តប៉ុន្មានលើកដែរ ប៉ុន្តែក្នុងរយៈចម្ងាយខ្លីៗ។

គួរជម្រាបថា ឥណ្ឌានឹងបំពាក់មីស៊ីលខាងលើនៅក្នុងនាវាមុជទឹក INS Arihant របស់ខ្លួន ដែលបច្ចុប្បន្នមានបំពាក់មីស៊ីលផ្លោង K-15 ចំនួន ១២គ្រាប់ ដែលមានសមត្ថភាពប្រើក្បាលគ្រាប់នុយក្លេអ៊ែរ។ នៅពេលមីស៊ីល K-4 អាចប្រើប្រាស់បានជាផ្លូវការ នាវាមុជទឹក Arihant នឹង ផ្ទុក មីស៊ីលផ្លោងនេះបាន៤គ្រាប់បន្ថែមទៀត៕