(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិកលោក ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) ដែលជាបេក្ខជនប្រធានាធិបតីអាមេរិកមួយរូប នៃគណបក្សប្រជាធិបតេយ្យបាននិយាយថា ប្រសិនបើលោកជាសមាជិកព្រឹទ្ធសភាអាមេរិក លោកច្បាស់ជាបោះឆ្នោតឲ្យទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែងមិនខានឡើយក្នុងសវនាការស្តីពីការដកលោក ត្រាំ ចេញពីតំណែង ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០។

កំឡុងការផ្តល់កិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក NBC News លោក Bloomberg បានលើកឡើងដូច្នេះថា «ប្រសិនបើរូបខ្ញុំជា សមាជិកព្រឹទ្ធសភាម្នាក់វិញ ខ្ញុំនឹងបោះឆ្នោតឲ្យទម្លាក់លោក ដូណាល់ ត្រាំ ព្រោះខ្ញុំយល់ថា សភាតំណាងរាស្រ្តបានផ្តល់ភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា លោកប្រធានាធិបតីបានប្រព្រឹត្តទង្វើមិនត្រឹមត្រូវ»។ ក៏ប៉ុន្តែលោក Bloomber បានបន្តថា ជារួមនីតិវិធីដកតំណែងលោក ត្រាំ មិនសូវជាល្អប៉ុន្មានឡើយ ហើយប្រជាជនអាមេរិកដែលជាម្ចាស់ឆ្នោតគួរតែជាអ្នកសម្រេចថា តើនរណាគឺជាប្រធានាធិបតីរបស់ពួកគេ។

គួរជម្រាបថា សភាតំណាងរាស្រ្តអាមេរិក បានចាប់ផ្តើមនីតិវិធីស៊ើបអង្កេតដើម្បីទម្លាក់ លោក ដូណាល់ ត្រាំ បន្ទាប់ពីមានដំណឹងថា លោក ត្រាំ បានដាក់សម្ពាធរដ្ឋាភិបាលអ៊ុយក្រែន ឲ្យបើកការស៊ើបអង្កេតលើអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងកូនប្រុសលោក ខណៈលោក Joe Biden ក៏ជាបេក្ខជនប្រធានាធិបតីម្នាក់ផងដែរ។

លោក ដូណាល់ ត្រាំ ជាច្រើនដងមកហើយបានប្រកែកថា ខ្លួនលោកពុំបានធ្វើអ្វីខុស ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែនឡើយ។ បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិក បានបញ្ជូនឯកសារចោទប្រកាន់លោក ត្រាំ ទៅដល់ ព្រឹទ្ធសភាអាមេរិកហើយនោះ សវនាការពាក់ព័ន្ធនឹងការដកតំណែងលោក ត្រាំ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ៕