(អឺរ៉ុប)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការអវកាសអឺរ៉ុប ESA បានប្រកាសថា ពួកគេបានរកឃើញវិធីសាស្ត្រថ្មីមួយ ដែលអាចផលិតឧស្ម័នអុកស៊ីហ្សែន (Oxygen) ចេញពីធូលីរបស់ព្រះច័ន្ទតែម្តង ខណៈនៅក្នុងធូលីរបស់ព្រះច័ន្ទមានផ្ទុកកម្រិត អុកស៊ីហ្សែនចាប់ពី ៤០-៤៥%ឯណោះនៃទម្ងន់សរុបរបស់វា។ នេះបើតាមការចេញផ្សាយ ដោយ Futurism នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

របកគំហើញខាងលើនេះបានកើតមានឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រមួយក្រុម បានបង្កើតមន្ទីរពិសោធន៍មួយនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវអវកាស និងបច្ចេកវិទ្យារបស់ ESA ដែលស្ថិតនៅប្រទេសហូឡង់។ អ្នកវិទ្យាសាស្ត្រមួយរូប ដែលបានចូលរួមក្នុងកម្មវិធី ខាងលើនេះដែរគឺលោក ប៊ែត ឡូម៉ាក (Beth Lomax) បានលើកឡើងថា «ការដែលយើងអាចចម្រាញ់បានអុកស៊ីហ្សែន ចេញពីធនធាននៅលើព្រះច័ន្ទផ្ទាល់នោះ វាពិតជាមានអត្ថប្រយោជន៍ធំធេងបំផុត សម្រាប់អ្នកស្នាក់នៅលើព្រះច័ន្ទនៅថ្ងៃអនាគត ដោយវានឹងត្រូវប្រើសម្រាប់ការដកដង្ហើមផង និងសម្រាប់ការផលិតឥន្ធនៈរ៉ុក្កែត នៅលើព្រះច័ន្ទផ្ទាល់ផង»។

គួរបញ្ជាក់ថា ការពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះ គឺបានប្រើប្រាស់សារធាតុគំរូដែលដូចហ្នឹងធូលីព្រះច័ន្ទប៉ុណ្ណោះ ដោយពួកគេមិនទាន់មានឱកាស ក្នុងការពិសោធន៍ធូលីយកពីព្រះច័ន្ទពិតៗនោះឡើយ។ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ ESA ក៏មានគំរោងក្នុងការរចនារោងចក្រសាកល្បង ដែលអាចបញ្ជូនទៅដាក់ឲ្យដំណើរការលើផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០២៥ផងដែរ៕