(រុស្ស៊ី)៖ ម៉ាស៊ីនមួយចំហៀងនៃយន្តហោះរបស់អាកាសចរណ៍រុស្ស៊ី S7 Airlines ដែលមានគោលដៅឆ្ពោះទៅកាន់ខេត្តខេមរ៉ាញ់ (Cam Ranh) ប្រទេសវៀតណាមនោះ បានឆាបឆេះនៅវេលាម៉ោង ១៖០០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍នេះ នៅឯអាកាយានដ្ឋានអន្តរជាតិ តូលម៉ាឆេវ៉ូ (Tolmachevo) នៃតំបន់ណូវ៉ូសាយប៊ឺសក៍ (Novosibirsk) ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

យន្តហោះខាងលើនេះជាប្រភេទ Airbus A-321neo ផ្ទុកអ្នកដណើរប្រមាណ ២០០នាក់ បានជួបហេតុការណ៍ឆេះម៉ាស៊ីនមួយចំហៀងខាងលើនេះ នៅពេលវាព្យាយាមហោះឡើង ចេញពីអាកាសយានដ្ឋាន Tolmachevo ហើយវាក៏ត្រូវបង្ខំចិត្តចុះចតមកវិញយ៉ាងបន្ទាន់។ ជាសំណាងល្អគ្មាននរណាម្នាក់បានរងគ្រោះ នៅក្នុងហេតុការណ៍នេះឡើយ ខណៈក្រុមពន្លត់អគ្គីភ័យបានមកដល់ និងពន្លត់ភ្លើងទាន់ពេល។

សម្រាប់មូលហេតុ ដែលបានបង្កការឆាបឆេះនេះឡើង គឺមិនទាន់មានការបញ្ជាក់នោះហើយ ខណៈក្រុមជំនាញនៃអាកាសយានដ្ឋានរុស្ស៊ីកំពុងពិនិត្យ៕