(កាណាដា)៖ គ្រួសារនៃសពជនរងគ្រោះជាពលរដ្ឋកាណាដា ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន នៅក្នុងប្រទេសអ៉ីរ៉ង់ នឹងទទួលបានបា្រក់ ២៥,០០០ដុល្លារ ក្នុងជនងរងគ្រោះម្នាក់ ពីរដ្ឋាភិបាលកាណាដា សម្រាប់យកទៅដោះស្រាយតម្រូវការចំបាច់នានា។ នេះបើ តាមលោក Justin Trudeau ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុង Ottawa នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅកាណាដា) នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលើកឡើងដូច្នេះថា៖ «គ្រួសារនៃសពជនរងគ្រោះ ក្នុងម្នាក់នឹងទទួលបានបា្រក់ ២៥,០០០ដុល្លារ ពីរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ដើម្បីយក ទៅដោះស្រាយតម្រូវការចំបាច់នានា...ហើយខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា យើងរំពឹងថាអ៉ីរ៉ង់នឹងផ្ដល់សំណងដល់គ្រួសារជនរងគ្រោះ។ ប៉ុន្តែ ពេលខ្ញុំបានជួបជាមួយពួកគេ (គ្រួសារជនរងគ្រោះ) ពួកគេនិយាយថាមិនអាចរង់ចាំជាច្រើនសប្ដាហ៍ទៀតឡើយ ដោយត្រូវការការគំាទ្រជាបន្ទាន់...ដូច្នេះទើបយើងសម្រេចផ្ដល់ប្រាក់ទាំងនេះ»។

គួរបញ្ជាក់ថា នៅក្នុងចំណោមអ្នកជិះនៅលើយន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនទាំង១៧៦នាក់ ដែលបានបាត់បង់ជីវិត ក៏មានពលរដ្ឋកាណាដា៥៧នាក់ ផងដែរ។ អ៊ីរ៉ង់បានទទួលស្គាល់ថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះនេះ ដោយអចេតនា ជាមួយការបង្ហាញការសោកស្ដាយ និងធ្វើការសូមទោសជាសាធារណៈ ក៏ដូចជាបាន ឃាត់ខ្លួនមនុស្សមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងករណីនេះ។ ការបាញ់ទម្លាក់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់ បាញ់ស្រោចមីស៊ីលរាប់សិប គ្រាប់លើមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី៨ ខែមករាកន្លងទៅ ជាការសងសឹកឱ្យលោកមេទ័ព Qasem Soleimani ដែលត្រូវបានអាមេរិកសម្លាប់នៅក្នុងទីក្រុង បាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី៣ ខែមករា៕