(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចោទប្រកាន់ធ្ងន់ៗថា រដ្ឋាភិបាលអង់គ្លេស បារាំង និងអាល្លឺម៉ង់ គឺជា«អ្នកបម្រើដាច់ថ្លៃ» ដែលចាំតែធ្វើតាមការ បង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ដែលកំពុងដាក់សម្ពាធលើមហាអំណាចអឺរ៉ុបទាំងបីនេះ ឱ្យបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

ការកត់សម្គាល់ខាងលើរបស់លោក Khamenei ធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចអ៉ឺរ៉ុបទាំងបីនេះ ព្រមានយកសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់ ដាក់លើតុក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាពិសេស គឺក្រោយមានសេចក្ដីរាយការណ៍ថារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer បានអះអាងថាសហរដ្ឋអាមេរិក បាន ព្រមានដំឡើងពន្ធ២៥ភាគរយលើផលិតផលនាំចូលពីសហភាពអឺរ៉ុប បើរដ្ឋាភិបាលអឺរ៉ុបនៅតែបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់។ មេដឹកនាំកំពូលអ៉ីរ៉ង់ បានលើកឡើងនាឱកាស ដឹកនាំការថ្វាយបង្គំមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ ដូច្នេះថា៖« ប្រទេសទាំងនេះគឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ ធ្លាប់បានជួយសាដាំ ហូសេន យ៉ាងពេញទំហឹងនៅក្នុងសង្រ្គាមអ៉ីរ៉ាក់-អ៉ីរ៉ង់ ដោយហែរហមតាមសហរដ្ឋអាមេរិក...ដូចគ្នាដែរ នៅពេលបច្ចុប្បន្ន ពួកគេកាន់តែបង្ហាញរឹតតែច្បាស់ ថាពួកគេគឺជា«អ្នកបម្រើដាច់ថ្លៃ» របស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលកំសាក ទាំងនេះ កំពុងទន្ទឹមរង់ចាំមើលអ៉ីរ៉ង់សុំចុះចាញ់។ ពួកគេធ្វើខ្លួនដូចជាសុភាពបុរស ដែលធ្លាប់អង្គុយចរចាជាមួយពួកយើង តែតាមការពិតទៅសុភាពបុរសទាំងនេះ មិនខុសគ្នាពីពួកភេរវករ ដែលបានសម្លាប់លោកមេទ័ព Soleimani នោះឡើយ...ពួកគេមិនអាចជឿទុកចិត្តបានឡើយ»

គួរជម្រាបថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានចុះហត្ថលេខាក្នុងទីក្រុងវីយែ្យន ប្រទេសអូទ្រីស រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់ ប៉ុន្តែ លោកដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់ឡើងវិញ។ ថ្វីត្បិត ប្រទេសដទៃ មិនព្រមធ្វើតាមសហរដ្ឋអាមេរិក តែក្រោយអ៊ីរ៉ង់ប្រកាសលែងអនុវត្តតាមកិច្ចព្រមព្រៀងនេះ ដោយចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូឡើងវិញ អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានចាប់ផ្ដើមអនុវត្ត យន្ដការណ៍ដោះស្រាយជម្លោះ ដើម្បីព្យាយាមនាំអ៊ីរ៉ង់ត្រឡប់មកកាន់កិច្ចព្រមព្រៀងនេះ ជាមួយការព្រមានយកសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់ ដាក់លើតុក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕