(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតរបួស នៅក្នុងករណីបាញ់ប្រហារគ្នាក្នុងរដ្ឋយូតាហ៍ (Utah) ស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក ខណៈជនសង្ស័យត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ CNN នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើនេះ បានកើតមានឡើងនៅយប់ថ្ងៃសុក្រ (ពេលវេលានៅអាមេរិក) ក្នុងតំបន់ហ្គ្រេនស៍វាល (Grantsville) នៃរដ្ឋ Utah ដោយជនសង្ស័យបានធ្វើការបាញ់រះ ទៅលើមនុស្សសរុប ០៥នាក់ ហើយក្នុងនោះ ០៤នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណៈម្នាក់ទៀតទទួលរងរបួស ត្រូវបានបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យ។ ប៉ូលិសក្នុងតំបន់ Grantsville បានអះអាងថា ជនសង្ស័យដែលបង្កការបាញ់ប្រហារខាងលើ គឺមានតែម្នាក់ឯងប៉ុណ្ណោះ និងត្រូវបានចាប់ខ្លួនរួចហើយ ដូច្នេះពលរដ្ឋក្នុងតំបន់មិនចាំបាច់មានការព្រួយបារម្ភ អំពីសុវត្ថិភាពនោះឡើយ។

គួរបញ្ជាក់ថា អត្តសញ្ញាជនរងគ្រោះ និងជនសង្ស័យ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ខណៈប៉ូលិសកំពុងបន្តធ្វើការតាមដាន។ Grantsville គឺជាក្រុងមួយស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុង សលត៍ឡេក (Salt Lake) នៃរដ្ឋ Utah៕