(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) បានបដិសេធពាក្យស្នើសុំលាលែងចេញពីតំណែង ពីសំណាក់លោកនាយករដ្ឋមន្ត្រី អូឡេកស៊ី ហុនឆារ៉ាក់ (Oleksiy Honcharuk) ក្រោយការបែកធ្លាយសារសំឡេងរិះគន់ប្រធានាធិបតី ដែលបានបង្ខំឲ្យនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះ ដាក់ពាក្យលាលែងកាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ BBC នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃសុក្រសប្តាហ៍នេះ លោកប្រធានាធិបតី Volodymyr Zelensky បានលើកឡើងថា «ខ្ញុំបានសម្រេចចិត្ត ផ្តល់ឱកាសមួយឲ្យអ្នក (នាយករដ្ឋមន្ត្រី) ប៉ុន្តែវាអាស្រ័យលើសមត្ថភាពរបស់អ្នក ក្នុងការដោះស្រាយបញ្ហា ចំពោះសារព័ត៌មានទាំងឡាយ...»។ លោក ហ្សេឡិនស្កាយ អាយុ ៤១ឆ្នាំ គឺជាអតីតតារាកំប្លែងល្បីឈ្មោះមួយរូបរបស់អ៊ុយក្រែន បានជាប់ឆ្នោតក្លាយជាប្រធានាធិបតី កាលពីខែមេសា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែនបានប្រកាសពីដំណឹងខាងលើ តាមរយៈបណ្តាញសង្គម Facebook។ លោក Honcharuk បានលើកឡើងថា «ដើម្បីកុំឲ្យមានការមន្ទិលសង្ស័យណាមួយ នៅក្នុងការជឿទុកចិត្ត ក៏ដូចជាការគោរពរបស់យើង ចំពោះលោកប្រធានាធិបតី ខ្ញុំបានសរសេរលិខិតសុំលាលែងពីតំណែងមួយច្បាប់ ហើយបានផ្ញើវាទៅកាន់លោកប្រធានាធិបតីរួចហើយ ដែលជាអ្នកមានសិទ្ធិប្រគល់បន្តទៅឲ្យសភា»

គួរជម្រាបថា ការប្រកាសលាលែងពីតំណែងរបស់លោក Honcharuk ត្រូវបានធ្វើឡើង បន្ទាប់ពីមានការលេចធ្លាយខ្សែអាត់សំឡេង កំឡុងកិច្ចប្រជុំមួយរវាងលោក Honcharuk ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងក្រុមអ្នកតំណាងមកពីធនាគារជាតិអ៊ុយក្រែន។ ក្នុងខ្សែអាត់សំឡេងនោះ គេលឺលោក Honcharuk ថ្លែងពាក្យមួយចំនួនដោយចាត់ទុកលោក Zelensky ជាបុគ្គលពុំសូវមានការយល់ដឹងអំពីសេដ្ឋកិច្ចប៉ុន្មានឡើយ ហើយលោកបានទាមទារឲ្យមានការរៀបចំ ដើម្បីផ្តល់ការបកស្រាយឲ្យបានក្បោះក្បាយ សម្រាប់លោក Zelensky ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃរូបិយប័ណ្ណរបស់អ៊ុយក្រែន៕