អាមេរិកទើបបង្ហើបថា «ទាហាន១១នាក់រងរបួស» ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់! (Video inside)

17-01-2020 11:46

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានទើបតែបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ាក់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានបង្កឲ្យកងទ័ពអាមេរិកចំនួន ១១នាក់រងរបួស ខណៈតាំងពីដើមរៀងមកទាំងអាមេរិក និងអ៉ីរ៉់ាក់បានអះអាងថា គ្មានទាហាន ឬជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

ការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់ ទៅលើមូលដ្ឋានទ័ពពីរកន្លែងនៅអ៉ីរ៉ាក់ ដែលមានកងទ័ពអាមេរិកឈរជើងនោះ គឺជាការសងសឹកចំពោះការវាយប្រហារ ដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក នៅឯទីក្រុងបាកដាដនៃប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដែលបានផ្តាច់ជីវិតលោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលជាមេដឹកនាំកងអង្គភាពពិសេស Quds Force នៃកងកម្លាំងការពារបដិវត្តអ៉ីរ៉ង់។

ពីដំបូងឡើយយោធាអាមេរិក និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ពុំមានកងទ័ពអាមេរិករងគ្រោះថ្នាក់ ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់ឡើយ ដែលបានឡើងនៅឯមូលដ្ឋានទ័ព អេន អាល់អាស្សាដ (Ain al-Asad) ភាគខាងលិចអ៉ីរ៉ាក់ និងនៅមូលដ្ឋានមួយទៀត ក្នុងតំបន់ឃើដភាគខាងជើងប្រទេសអ៉ីរ៉ាក់។

ដោយឡែកនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អ្នកនាំពាក្យយោធាអាមេរិកបានឲ្យដឹងថា ស្របពេលដែលពុំមានកងទ័ពអាមេរិកណាម្នាក់ បានបាត់បង់ជីវិត ដោយសារការបាញ់មីស៊ីលយ៉ាងហោចចំនួន ១៦គ្រាប់មកពីប្រទេសអ៉ីរ៉ង់ កងទ័ព ១១នាក់ដែលស្ថិតនៅមូលដ្ឋាន Ain al-Asad ទើបតែត្រូវបានបញ្ជូនទៅកាន់អាល្លឺម៉ង់ និងគុយវ៉ែត ក្រោយពិនិត្យរកឃើញថា ពួកគេបានទទួលរងការប៉ះទង្គិចខួរក្បាល ដោយសារបន្ទុះនៃការវាយប្រហារមីស៊ីល កាលពីមួយសប្តាហ៍មុននោះ។

គួរជម្រាបថា យ៉ាងណាមិញមិនមានការបញ្ជាក់ពីស្ថានភាព របស់កងទ័ពអាមេរិកទាំងនោះឡើយ ប៉ុន្តែខាងយោធាអាមេរិកបានប្រាប់ថា ពួកគេនឹងត្រឡប់មកបំពេញកាតព្វកិច្ចនៅប្រទេសអ៉ីរ៉ាក់ ក្រោយការពិនិត្យព្យាបាលរួចរាល់៕