(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានឡើងជិះយន្ដហោះ ចាកចេញពីទីក្រុងប៉េកាំងហើយនៅថ្ងៃសុក្រនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ទីដែលលោកត្រូវបានគេរំពឹងថា ពង្រឹងកិច្ចសហប្រតិបត្តិការខ្សែវាត់ និងផ្លួវរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមករា ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីន ម្យីន (U Win Myint) ហើយនេះក៏ជាដំណើរទស្សនកិច្ច ទៅក្រៅប្រទេសជាលើកដំបូង របស់លោកនៅក្នុងឆ្នាំ២០២០នេះ និងជាលើកដំបូងបំផុតដែលប្រធានាធិបតីចិនម្នាក់ បំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល ១៩ឆ្នាំមកនេះ។

បើតាមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ាន់ម៉ា អ៊ុង ហាធូ (Aung Htoo) កំឡុងទស្សនកិច្ចនេះ លោកប្រធានាធិបតី ស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេស ក្យកព្យូ (Kyaukphyu Special Economic Zone) និងគម្រោងសង់កំពង់ផែមួយមានតម្លៃ ១.៣ពាន់លានដុល្លារ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ដែលជាគម្រោងស្ថិត នៅក្រោមកម្មវិធីគំនិតផ្ដួចផ្ដើមខ្សែវាត់ និងផ្លូវ៕