(សៀងហៃ)៖ អ្នកជំងឺទី ២ ត្រូវបានគេទទួលស្គាល់ថា បានបាត់បង់ជីវិតដោយសារជំងឺរលាកសួត បង្កឡើងដោយប្រភេទមេរោគ ខូរ៉ូណា (coronavirus) ថ្មីមួយនៅក្នុងទីក្រុង វូហាន (Wuhan) នៃភាគកណ្ដាលប្រទេសចិន បន្ទាប់ពីបុរសម្នាក់ផ្សេងទៀត មានអាយុ ៦១ឆ្នាំក៏បានស្លាប់ផងដែរកាលពីប៉ុន្មានថ្ងៃមុន នៅក្នុងទីក្រុងមួយនេះ ក្រោយត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានផ្ទុកមេរោគថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលចិន បុរសជាជនរងគ្រោះទី ២ ខាងលើនេះមានអាយុ ៦៩ឆ្នាំ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយអាការៈឈឺតម្រងនោមខុសប្រក្រតី និងសារីរាង្គ ជាច្រើននៃរាង្គកាយរងការខូចខាត ហើយអ្នកជំងឺនេះបានបាត់បង់ជីវិតកាលពីថ្ងៃទី១៥ ខែមករា ។ ជំងឺរលាកសួតចំនួន ៤១ករណី ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង Wuhan ហើយដែលការធ្វើតេស្ដបឋមបង្ហាញថា ជំងឺរលាកសួតនេះបង្កឡើងដោយប្រភេទមេរោគ coronavirus ថ្មីមួយ ដែលអាចបង្កមានជំងឺចាប់ពីផ្ដាសាយធម្មតា រហូតដល់មានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលមានលក្ខណៈសឹងតែស្រដៀងមេរោគ SARS។

គួរបញ្ជាក់ថា គិតជាសរុបមានមនុស្ស៧៦៣នាក់ ត្រូវដាក់ឱ្យនៅក្រោមការតាមដានក្នុងទីក្រុង Wuhan ក្រោយពួកគេទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ ហើយក្នុងចំណោមអ្នកទំាងនេះ មាន ៦៤៤នាក់ ត្រូវអនុញ្ញាតឱ្យចាកចេញទៅផ្ទះ និង១១៩នាក់ បន្តស្ថិតនៅក្រោមការតាមដាននៅឡើយ។ អ្នកជំនាញបានព្រមានថា ការរីករាលដាលនៃមេរោគថ្មីនេះអាចនឹងផ្ទុះឡើងខ្លាំង ជាពិសេសនាឱកាសបុណ្យចូលឆ្នាំចិន នៅចុងខែមករានេះ បើទោះជាមិនទាន់មានបញ្ជាក់ឱ្យច្បាស់នៅថា តើវាចម្លងពីមនុស្សទៅមនុស្ស ដែរឬក៏យ៉ាងណា ក៏ដោយ ខណៈស្ត្រីជនជាតិចិនម្នាក់នៅប្រទេសថៃ និងបុរសជនជាតិចិនដូចគ្នានៅជប៉ុន ក៏ត្រូវបានគេរាយការណ៍ថា មានជំងឺរលាកសួតនេះផងដែរ ហើយអ្នកទាំងពីរនាក់នេះ ត្រូវបានគេជឿជាក់ធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Wuhan៕