(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានទទួលសំណើមួយពី រដ្ឋបាលលោក ដូណាល់ ត្រាំ តាមរយៈក្រសួងសន្តិសុខមាតុភូមិ ឲ្យកសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រជាមួយប្រទេសមិចស៊ីកូ ហើយខ្លួនកំពុងតែគណនា អំពីតម្លៃដែលត្រូវចំណាយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

ប្រភពពីមន្ត្រីយោធាមិនបញ្ចេញឈ្មោះ ដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា គំរោងនេះនឹងត្រូវធ្វើឡើង ដោយស្ថិតក្នុងគោលដៅ ទប់ទល់សកម្មភាពរត់ពន្ធគ្រឿងញៀន ឆ្លងកាត់ព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ ប៉ុន្តែមន្ត្រីរូបនេះមិនអាចបង្ហើបប្រាប់បានឡើយ អំពីតម្លៃនៃការកសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រនោះ។

យោងតាមកាសែត Washington Post បានចុះផ្សាយកាលពីដើមសប្តាហ៍នេះថា លោក ដូណាល់ ត្រាំ កំពុងទាមទារថវិការហូតដល់ ៧.២ពាន់លានដុល្លារឯណោះ ដើម្បីចាត់ចែងរឿងព្រំដែន។ រដ្ឋបាលលោក ត្រាំ បានប្តេជ្ញាកសាងជញ្ជាំងព្រំដែនប្រវែង យ៉ាងហោចណាស់ឲ្យបាន ៦៤៤គីឡូម៉ែត្ររហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាពេលលោក ត្រូវចូលរួមបោះឆ្នោត ដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាណត្តិថ្មី។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ កាលពីដើមសប្តាហ៍នេះ ក៏ធ្លាប់បានលើកឡើងផងដែរថា លោកមិនជំទាស់ចំពោះការបែងចែកថវិកាការពារជាតិ ទៅកសាងជញ្ជាំងព្រំដែននោះឡើយ ព្រោះវានឹងជួយរក្សាសន្តិសុខរបស់អាមេរិក ហើយក្រសួងការពារជាតិ នឹងធ្វើការងារដើម្បីគាំទ្រសកម្មភាពរបស់ក្រសួងសន្តិសុខមាតុភូមិ៕