(អាមេរិក)៖ នៅទីបំផុតក្រុមហ៊ុនអាល់ហ្វាប៊ែត (Alphabet) ដែលជាម្ចាស់របស់ Google បានកើនឡើងប្រាក់មូលធនសរុបក្នុងទីផ្សាររហូតដល់ ១ទ្រីលានដុល្លារអាមេរិកហើយ និងក្លាយក្រុមហ៊ុនទី ៤ នៅសហរដ្ឋអាមេរិកដែលអាចសម្រេចជោគជ័យដ៏អស្ចារ្យនេះបាន ដូចទៅនឹងក្រុមហ៊ុនយក្ស Apple, Miscrosoft និង Amazon។ នេះបើតាមការចេញផ្សាយ ដោយ សារព័ត៌មាន CNBC នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។

នេះអាចមិនមែនជារឿងភ្ញាក់ផ្អើលខ្លាំងនោះឡើយ សម្រាប់ក្រុមអ្នកវិភាគជាច្រើន ព្រោះពួកគេមានសុទិដ្ឋិនិយមខ្ពស់ចំពោះក្រុមហ៊ុន Alphabet ជារួមតែម្តង បន្ទាប់ពីលោក សាន់ដា ភីឆៃ (Sundar Pichai) ត្រូវបានផ្លាស់តំណែងពីនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Google ឲ្យឡើងមកកាន់តំណែងជា CEO របស់ក្រុមហ៊ុន Alphabet តែម្តង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ក្រោយសហស្ថាបនិកមុនបានលាលែងពីតំណែង។

គួរបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនដែលអាចសម្រេចគោលដៅ មានមូលធនសរុបក្នុងទីផ្សារ ១ទ្រីលានដុល្លារអាមេរិកនេះមុនគេគឺ Apple ហើយបន្ទាប់មកទើប Microsoft និង Amazon សម្រេចបានតាមក្រោយ។ ខណៈក្រុមហ៊ុន Apple និង Microsoft នៅតែអាចរក្សាបានតម្លៃមូលធនក្នុងទីផ្សាររហូតដល់ទៅជាង ១ទ្រីលានដុល្លារនោះ ក្រុមហ៊ុន Amazon វិញបានរបូតចេញពីចង្កោមនេះបាត់ទៅហើយ។ ទោះបីជាមានការរីកចំរើនខ្លាំងក្តី ប៉ុន្តែចំណុចខ្សោយក៏នៅតែមានដែរសម្រាប់ Alphabet នោះគឺវិស័យពាណិជ្ជកម្ម Cloud របស់ក្រុមហ៊ុននេះ នៅតែមានគន្លាតឆ្ងាយពីការប្រកួតប្រជែង ជាមួយ Amazon និង Miscrosoft ដែលបាននិងកំពុងវាយលុកខ្លាំងក្នុងទីផ្សាររួចទៅហើយ៕