(តូក្យូ)៖ ទូរទស្សន៍ Live Stream ដ៏ល្បីមួយរបស់ជប៉ុនដែលមានឈ្មោះថា AbemaTV បានប្រកាសឲ្យដឹងថា នារីៗរហូតដល់ទៅ ២០,០០០នាក់បានចូលរួមដាក់ពាក្យ ដើម្បីស្នើសុំធ្វើជាមិត្តស្រីលោក យូសាគុ មេហ្សាវ៉ា (Yusaku Maezawa) បន្ទាប់ពីមហាសេដ្ឋីជប៉ុនរូបនេះ បានប្រកាសអំពីគោលបំណងរើសគូប្រចាំជីវិត ដើម្បីឡើងទៅលេងឋានព្រះច័ន្ទពីរនាក់។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

លោក Yusaku អាយុ ៤៤ឆ្នាំ ដែលថ្មីៗនេះទើបតែបានប្រកាសពីដំណឹងចែកផ្លូវគ្នា ជាមួយតារាសម្តែងឈ្មោះ ហ្គោរីគិ អាយ៉ាមិ (Goriki Ayame) អាយុ ២៧ឆ្នាំ មានបំណងចង់បានបេក្ខនារី ដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅ ប៉ុន្តែលក្ខខណ្ឌពិសេសមួយប៉ុណ្ណោះដែលលោកចង់បានជាងគេ នោះគឺនារីទាំងនោះត្រូវមានចំណាប់អារម្មណ៍ ក្នុងការធ្វើដំណើរឡើងទៅទីអវកាស ព្រមទាំងអាចចូលរួមត្រៀមលក្ខណៈហ្វឹកហ្វឺនជាមួយលោក ដើម្បីធ្វើដំណើរកម្សាន្តទៅជុំវិញឋានព្រះច័ន្ទ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។

គួរជម្រាបថា ការដាក់ពាក្យត្រូវបិទកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយលោក Maezawa នឹងធ្វើការសម្រេចជ្រើសរើសចុងក្រោយនៅចុងខែមីនា ឆ្នាំ២០២០ បន្ទាប់ពីការវាយតម្លៃលើបេក្ខនារីទាំងឡាយ ដែលបានដាក់ពាក្យនោះបញ្ចប់រួចរាល់។ បើតាមការគ្រោងទុក មហាសេដ្ឋីជប៉ុនរូបនេះ នឹងត្រូវចេញដំណើរទៅកម្សាន្តជុំវិញឋានព្រះច័ន្ទនៅឆ្នាំ២០២៣ ក្នុងនាមជាអតិថិជនដំបូងបំផុតរបស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX។

ទោះបីជាបែបនេះក្តី ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងថា ការប្រកាសស្វែងរកមិត្តស្រី ដើម្បីឡើងឋានព្រះច័ន្ទជាមួយគ្នា ពីសំណាក់មហាសេដ្ឋីជប៉ុនខាងលើនេះ គឺជាការធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនានារបស់ជប៉ុន ជាពិសេសទូរទស្សន៍ ទទួលបានការគាំទ្រផុសផុលឡើងវិញ ព្រោះតែយុវវ័យជប៉ុនភាគច្រើន លែងចង់ទស្សនាកម្មវិធីផ្សាយតាមទូរទស្សន៍ទៅហើយ៕