(ម៉ានីល)៖ មនុស្ស៦នាក់បានបាត់បង់ជីវិត និង៦នាក់ផ្សេងទៀតបានទទួលរងរបួស នៅពេលគ្រោះអគ្គីភ័យបានកើតឡើង នៅតំបន់មួយក្នុង សង្កាត់ Tondo នៃទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតមានឡើងនៅ០២៖៣៨នាទីយប់រំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវពន្លត់បានសម្រេចនៅខ្ទង់ម៉ោង ០៧៖១៤នាទីព្រឹកថ្ងៃដដែល។ យោងតាមអាជ្ញាធរពន្លត់អគ្គីភ័យនៃទីក្រុងម៉ានីល ក្នុងចំណោនជនរងគ្រោះដែលបាត់បង់ជីវិត រួមមានទាំង ម្តាយនិងកូនសរុប០៤នាក់ ដែលជាប់ខ្លួននៅក្នុងផ្ទះ ខណៈសាកសពជនរងគ្រោះពីរនាក់ទៀត ត្រូវបានរកឃើញនៅក្នុងផ្ទះពីរខ្នងទៀត។

គួរជម្រាបថា លំនៅឋានយ៉ាងហោច៥០ខ្នងរបស់ប្រជាជនហ្វីលីពីនប្រហែល១០០គ្រួសារ បានរងការខូចខាតដោយសារតែគ្រោះអគ្គីភ័យ ខាងលើ ហើយអាជ្ញាធរហ្វីលីពីនកំពុងបន្តការស៊ើបអង្កេត ដើម្បីកំណត់រកមូលហេតុនៅពីក្រោយករណីភ្លើងឆេះនេះ៕