(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចាប់ផ្តើម ធ្វើប្រតិបត្តិការយោធាឡើងវិញហើយ ជាមួយអ៉ីរ៉ាក់ ក្រោយផ្អាករយៈពេល ០២សប្តាហ៍ ចាប់តាំងតែពីមានការធ្វើបាតុកម្មលុកលុយស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

យោងតាមការអះអាងពីមន្រ្តីយោធាអាមេរិកពីររូប កងកម្លាំងយោធាអន្តរជាតិ ដែលរួមមានទាំងសហរដ្ឋអាមេរិក បានបន្តប្រតិបត្តិការជាមួយយោធាអ៉ីរ៉ាក់វិញហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីបានផ្អាករយៈពេល ០២សប្តាហ៍ ដោយសារតែការកើនឡើងខ្លាំង នៃភាពតានតឹងក្នុងតំបន់ ដែលបានចាប់ផ្តើមនៅពេលស្ថានទូតអាមេរិក នៅទីក្រុងបាកដាដរងការអុកឡុក។

មន្រ្តីយោធាអាមេរិកទាំងពីរបានបញ្ជាក់បន្ថែមថា ០២សប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានអន្ទះសាជាខ្លាំង ដោយចង់បន្តប្រតិបត្តិការឡើងវិញមួយអ៉ីរ៉ាក់ ក្នុងយុទ្ធនាការប្រឆាំងក្រុមភេរវករ ISIS ដើម្បីកុំឲ្យ ISIS អាចមានឱកាសប្រមូលផ្តុំកម្លាំងឡើងវិញបាន ។

គួរជម្រាបថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សភាអ៉ីរ៉ាក់បានបោះឆ្នោតទាមទារឲ្យរដ្ឋាភិបាលអ៉ីរ៉ា ក់បណ្តេញកងកម្លាំងយោធាអន្តរជាតិ ចេញពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីអាមេរិកបានប្រើយន្តហោះដ្រូន វាយប្រហារតាមផ្លូវអាកាសនៅទីក្រុងបាកដាដ ដើម្បីផ្តាច់ជីវិតមេទ័ពកំពូលអ៉ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ហើយមេទ័ពម្នាក់នៃកងជីវពលអ៉ីរ៉ាក់គឺលោក អាប៊ូ ម៉ាហ៍ឌី មូហាន់ឌីស (Abu Mahdi Muhandis) ក៏បានស្លាប់ផងដែរ។

ក្រោយមកនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ ក៏បានស្នើឲ្យអាមេរិកបញ្ជូនក្រុមការងារទៅកាន់អ៉ីរ៉ាក់ ដើម្បីរៀបចំការដកកងទ័ពអាមេរិក ប៉ុន្តែត្រូវបានបដិសេធ។ កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូព្រីយែន (Robert O'Brien) បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចាកចេញពីទឹកដីអ៉ីរ៉ាក់ ប៉ុន្តែនៅពេលដែលប្រទេសលោកសម្រេចថា វាដល់ពេលត្រូវធ្វើយ៉ាងដូច្នេះ។ ក្រុមយោធាអន្តរជាតិដែលដឹកនាំដោយអាមេរិក ត្រូវបានរដ្ឋាភិបាលអ៉ីរ៉ាក់អញ្ជើញកាលពីឆ្នាំ២០១៤ ដើម្បីឲ្យទៅជួយប្រយុទ្ធប្រឆាំងជាមួយពួក ISIS៕