(ម៉ូស្គូ)៖ នាយកសេវាពន្ធនៃសហព័ន្ធររុស្ស៊ីលោក មីខេល មីសហាស្ទីន (Mikhail Mishustin) ត្រូវបានលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន តែងតាំងជានាយករដ្ឋមន្ត្រីរុស្ស៊ីថ្មី បន្ទាប់ពីការលាលែងពីតំណែងដ៏ភ្ញាក់ផ្អើលរបស់លោក ឌីមីទ្រី ម៉េដវេដេវ (Dmitri Medvedev) កាលពីថ្ងៃពុធ។ នេះបើតាមប្រភពពីវិមានក្រឹមឡាំង ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Euronews នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។

លោក Medvedev បានប្រកាសលាលែងចេញពីតំណែង ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ក្រោយលោក ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមានទំាងការបង្កើនអំណាចឱ្យនាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រី។ ប៉ុន្តែក្រុមអ្នករិះគន់យល់ថា ការប្រកាសរបស់លោក ពូទីន គឺមានបំណងពង្រឹងអំណាច និងបន្តការគ្រប់គ្រងប្រទេសរុស្ស៊ី ខណៈអាណត្តិជាប្រធានាធិបតី នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៤។

គួរជម្រាបថា នៅក្រោយការបង្កើតរដ្ឋាភិបាលថ្មី លោក Medvedev ត្រូវបានគេរំពឹងថា នឹងទទួលបានតំណែងថ្មីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលជាស្ថាប័នដ៏មានឥទ្ធិពល ក្នុងការប្រឹក្សាយោបល់ដល់ប្រធានាធិបតី ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ហើយលោក Medvedev ក៏បានយល់ព្រមទទួលយកតំណែងនេះដែរ៕