(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានសម្រេចចិត្តលាលែងចេញពីតំណែងហើយនៅថ្ងៃពុធនេះ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើការថ្លែងសារទៅកាន់សភាជាតិ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

បើតាម Sputnik លោក Medvedev បានដាក់លិខិតលាលែងចេញពីតំណែងទៅកាន់លោក ពូទីនហើយ ដែលនេះមានន័យគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលរុស្ស៊ី បច្ចុប្បន្ននឹងត្រូវរំលាយ រីឯលោកប្រធានាធិបតីរុស្ស៊ីនឹងតែងតាំងនាយករដ្ឋមន្ត្រីឱ្យបន្តដឹកនាំរដ្ឋាភិបាលថ្មី។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃពុធនេះបាននិយាយថា លោកពុំមានបំណងក្នុងការព្យាយាមកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអាចឲ្យលោកបន្តកាន់អំណាច ០៣អាណត្តិជាប់គ្នាឡើយ។

កំឡុងការថ្លែងសារប្រចាំឆ្នាំ នៅចំពោះមុខសភាប្រទេសរុស្ស៊ីនាថ្ងៃពុធនេះ លោក ពូទីន បានបង្ហាញជំហរគាំទ្រដល់គោលការណ៍ ហាមប្រាមប្រធានាធិបតី មិនឲ្យកាន់អំណាច ០៣អាណត្តិជាប់ៗគ្នា ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី។ កន្លងមកនេះមានការសង្ស័យថា លោកអាចនឹងកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីបន្តកាន់អំណាចនៅអាណត្តិថ្មីឆ្នាំ២០២៤ បន្ទាប់ពីលោកបានលើកឡើងថា ការដាក់កំហិតមិនឲ្យប្រធានាធិបតីម្នាក់ កាន់អំណាចបានច្រើនអាណត្តិជាប់ៗគ្នា អាចត្រូវលុបចេញវិញប្រសិនបើប្រជាជនរុស្ស៊ីមូលមតិគ្នាគាំទ្រ។

លោក វ៉្លាឌីមៀ ពូទីន បានបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិទីពីរជាប់គ្នាកាលពីឆ្នាំ២០១៨ ខណៈការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅខែមីនា ឆ្នាំ២០២៤ គឺមួយអាណត្តិមានរយៈពេល០ ៦ឆ្នាំ។ ដោយឡែក លោក ពូទីន មិនមែន បានជាប់ឆ្នោតលើកដំបូងជាប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ២០១២ នោះទេ គឺលោកធ្លាប់បានកាន់តំណែងនេះ ០២អាណត្តិរួចមកហើយចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ដែលកាលនោះមួយអាណត្តិមានរយៈពេលត្រឹម ០៤ឆ្នាំប៉ុណ្ណោះ៕