(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃពុធនេះបាននិយាយថា លោកពុំមានបំណងក្នុងការព្យាយាមកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអាចឲ្យលោកបន្តកាន់អំណាច ០៣អាណត្តិជាប់គ្នាឡើយ។

២៖ អាជ្ញាធរឧតុនិយម និងធនធានទឹកអូស្ត្រាលីបានព្យាករណ៍ថា ភ្លៀង និងព្យុះអាចនឹងនាំភាពធូរស្រាលមួយចំនួនធំ ទៅកាន់តំបន់ដែលរងគ្រោះ និងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបច្ចុប្បន្នកំពុងបង្កហានិភ័យ នៃគ្រោះរអិលបាក់ដី និងការបំពុលទឹក។

៣៖ ទីបំផុតកងទ័ពអាកាសអាមេរិកបានសម្រេច លែងឲ្យយន្តហោះទម្លាក់គ្រាប់បែក B-52 ទាំងអស់របស់ខ្លួន បន្តប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ប្រភេទទម្លាក់ចេញពីយន្តហោះ ទៅលើដីផ្ទាល់ទៀតហើយ។

៤៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានជំរុញឱ្យចិនពិនិត្យមើលឡើងវិញ នូវគោលនយោបាយចំពោះកោះតៃវ៉ាន់ ខណៈការលើកឡើងបែបនេះត្រូវបានគេមើលឃើញថា អាចនឹងបង្កភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកថាដែនកោះមួយនេះ ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។

៥៖ សារព័ត៌មានអាមេរិក New York Times បានចេញផ្សាយថា យន្តហោះអ៊ុយក្រែនដឹកមនុស្ស ១៧៦នាក់ ដែលបានធ្លាក់នៅទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់កាលពីមួយសប្តាហ៍មុននេះ តាមពិតទៅត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ រហូតដល់ទីពីរគ្រាប់ឯណោះបុកត្រូវ។

៦៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍ឌែលតាអ៊ែរឡាញ (Delta Airlines) បានធ្វើការទម្លាក់ឥន្ធនៈចេញពីខ្លួនរបស់វា ហើយធ្លាក់មកលើទីធ្លា ក្នុងសាលារៀនមួយកន្លែង ស្ថិតនៅទីក្រុងឡូសអាន់ជែឡេស រដ្ឋកាលីហ្វ័រញ៉ា ដែលបានបង្កឲ្យមនុស្ស ២៦នាក់រងរបួសស្រាល៕