(វ៉ាស៊ីនតោន)៖ ទីបំផុតកងទ័ពអាកាសអាមេរិកបានសម្រេច លែងឲ្យយន្តហោះទម្លាក់គ្រាប់បែក B-52 ទាំងអស់របស់ខ្លួន បន្តប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ប្រភេទទម្លាក់ចេញពីយន្តហោះ ទៅលើដីផ្ទាល់ទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នាល្ងាចថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

យោងតាមឯកសារថ្មីចុងក្រោយបំផុតស្តីពីក្បួនច្បាប់សុវត្ថិភាព សម្រាប់យន្តហោះទម្លាក់គ្រាប់លក្ខណៈយុទ្ធសាស្រ្ត នៃកងទ័ពអាមេរិកបានបង្ហាញថា ចាប់ពីពេលនេះទៅក្រុមយន្តហោះទម្លាក់គ្រាប់បែក B-52 នឹងមិនបន្តប្រើគ្រាប់បែកនុយក្លេអ៊ែរទូទៅ ដែលពឹងលើកម្លាំងទំនាញដូចជាធុន B61-7 និង B83-1 ទៀតនោះទេ។ ប្រការនេះធ្វើឲ្យអាវុធនុយក្លេអ៊ែរ ដែលយន្តហោះទម្លាក់គ្រាប់បែក B-25 អាចប្រើបានគឺមានតែមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរធុន AGM-86B ប៉ុណ្ណោះ។

ការសម្រេចចិត្តខាងលើ នៃកងទ័ពអាកាសអាមេរិកអាចចាត់ទុកថា មិនមែនជារឿងអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ព្រោះលុះត្រាតែប្រទេសដែលមិនមាន ប្រព័ន្ធការពារដែនអាកាសអ្វីសោះតែម្តង ទើបអាចឲ្យយន្តហោះ B-52 ចូលទៅទម្លាក់គ្រាប់បែកដល់ក្នុងផ្ទៃអាកាសរបស់ខ្លួនបាន។ ក្តីកង្វល់ពាក់ព័ន្ធនឹងសមត្ថភាពរបស់យន្តហោះ B-52 ក្នុងការធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែក ជាលក្ខណៈយុទ្ធសាស្រ្តរបស់ពួកវា គឺបានកើតមានចាប់តាំងតែពីពេល យន្តហោះទម្លាក់គ្រាប់បែកនេះ ត្រូវបានចាប់ផ្តើមប្រើប្រាស់កាលពីទសវត្សរ៍ឆ្នាំ១៩៥០។

ការព្រួយបារម្ភនេះហើយ ដែលបានជួយនាំទៅដល់ការអភិវឌ្ឍអាវុធជំនាន់ក្រោយៗ ដូចជាគ្រូសមីស៊ីល (cruise missile) សម្រាប់វាយប្រហារពីខាងក្រៅដែនអាកាស របស់សត្រូវ និងសូម្បីតែមីស៊ីលផ្លោងឆ្លងទ្វីប ដែលធ្វើដំណើរបានរាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រ គឺគ្រាន់តែបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ លើពួកវាជាការស្រេច។

គួរជម្រាបថា សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៣១គ្រឿងនៅប្រទេសវៀតណាម កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែកទៅលើវៀតណាម កាលពីចន្លោះឆ្នាំ១៩៦៥-១៩៧៣។ បច្ចុប្បន្ន កងទ័ពអាមេរិកនៅមានយន្តហោះនេះចំនួន ៧៦គ្រឿងដែលត្រូវបានរំពឹងថា នឹងបន្តធ្វើ ប្រតិបត្តិការយ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០៥០ ដែរក្រោយការកែលម្អលើពួកវា។ ទៅថ្ងៃខាងមុខ យន្តហោះទម្លាក់គ្រាប់បែក B-52 អាចនឹងទទួលបានការបំពាក់ប្រព័ន្ធមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេងថែមទៀតផង ខណៈពួកវាកំពុងស្ថិតក្រោមការអភិវឌ្ឍ នៃក្រុមហ៊ុនផលិតសព្វាវុធរបស់អាមេរិក។
ទោះមានវ័យចំណាស់យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែបន្ត ចល័តយន្តហោះទម្លាក់គ្រាប់បែក B-52 មកទល់សព្វថ្ងៃ ដោយកាលពីសប្តាហ៍មុន យន្តហោះនេះប៉ុន្មានគ្រឿង ត្រូវបានបញ្ជូនទៅកាន់មហាសមុទ្រឥណ្ឌា នៅចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់៕