(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅខែមីនាខាងមុខ នឹងប្រកាសពីឈ្មោះនៃយានរុករកថ្មីរបស់ខ្លួន ដែលត្រូវទៅសិក្សានៅលើ ភពអង្គារ (Mars) ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។

កន្លងមក អង្គការ NASA បានរៀបចំកម្មវិធីប្រឡងប្រណាំងមួយ ក្នុងចំណោមសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ នៅក្នុង សហរដ្ឋអាមេរិក ដើម្បីឲ្យជួយ ដាក់ឈ្មោះឲ្យយានរ៉ូវើខាងលើ។ មកទល់នឹងពេលនេះ បេក្ខជន១៥៥នាក់ ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ២៨,០០០នាក់ ត្រូវបាន ជ្រើសរើស សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅដំណាក់កាលបន្ទាប់ បេក្ខជនទាំង១៥៥នាក់នោះ នឹងជម្រុះមក នៅត្រឹម៩នាក់ ហើយសាធារណជននឹងមានឱកាសបោះឆ្នោតតាមអនឡាញឲ្យឈ្មោះ ដែលពួកគេគាំទ្រ នៅចុងខែមករានេះ ខណៈនៅខែមីនា NASA នឹងប្រកាសពីឈ្មោះដែលមានសំឡេងគាំទ្រច្រើនជាងគេ។

គួរជម្រាបថា បេក្ខជនដែលទទួលជ័យជម្នះក្នុងវគ្គចុងក្រោយ នឹងត្រូវអញ្ជើញឲ្យចូលរួមទស្សនាព្រឹត្តិការណ៍បាញ់បង្ហោះយាននោះ ដែលនឹង ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២០ ក្នុងរដ្ឋផ្លូរីដា។ បច្ចុប្បន្ន យានរុករកនោះ ត្រូវគេស្គាល់ជាទូទៅ ថាជាយាន Mars Rover 2020 ដែលមាន តួនាទីទៅស្វែងរកសញ្ញានៃទម្រង់ជីវិតនាអតីតកាល នៅលើភពអង្គារ ព្រមទាំងប្រមូលគំរូតាងទុកឲ្យបេសកកម្មក្រោយៗនាំត្រឡប់មកកាន់ ផែនដី ហើយបន្តជួយត្រួសត្រាយផ្លូវសម្រាប់បេសកកម្មរុករកដោយមនុស្សលោកយើងផ្ទាល់តែម្តង នៅទីនោះ៕