(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់លោក ហាស្សាន រួហានី (Hassan Rouhani) បានចេញបញ្ជាមួយឱ្យអនុវត្តនូវច្បាប់បញ្ជីខ្មៅ ដោយចាត់ទុកក្រសួងការពារជាតិអាមេរិកជា «អង្គការភេរវកម្ម» ខណៈកំពុងប្រឈមមុខនឹងបាតុកម្មតវ៉ាពីសំណាក់ប្រជាជនខ្លួនឯង ជុំវិញរឿងច្រឡំបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលផ្ដាច់ជីវិតមនុស្សសរុប ១៧៦នាក់ ក្នុងនោះភាគច្រើនជាជនជាតិអ៉ីរ៉ង់ខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ លោក រួហានី បានអំពាវនាវឱ្យអាជ្ញាធរអ៉ីរ៉ង់មានសមត្ថកិច្ចទាំងអស់ អនុវត្តជាបន្ទាន់នូវច្បាប់ចាត់ទុក ក្រសួងការពារជាតិអាមេរិកជា «អង្គការភេរវកម្ម» ដែលត្រូវបានអនុម័តដោយសភាអ៉ីរ៉ង់។ បើតាមការបោះឆ្នោតអនុម័តរបស់សភាអ៉ីរ៉ង់ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ រាល់សមាជិក ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន រួមទាំងមេបញ្ជាការនៃមន្ទីរបញ្ចកោណអាមេរិក ដែលបានរៀបចំគម្រោងសម្លាប់លោកមេទ័ពអ៉ីរ៉ង់ កាស្សេម សូឡៃមេនី (Qassem Soleimani) ត្រូវបានចាត់បញ្ចូលក្នុង «បញ្ជីខ្មៅនៃអង្គការភេរវកម្ម»។ ច្បាប់នេះក៏ទទួលបានការអនុម័តពីក្រុមប្រឹក្សាឆ្មាំរដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់អ៉ីរ៉ង់ផងដែរ។

គួរជម្រាបថា កាលពីខែមេសា ឆ្នាំ២០១៩ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៉ីរ៉ង់ ក៏ធ្លាប់បានប្រកាសដែរពីការចាត់បញ្ជូលទីបញ្ជាការកណ្ដាលអាមេរិក ប្រចាំតំបន់អាស៊ីខាងលិច ទៅក្នុងបញ្ជីអង្គការភេរវកម្ម ជាការសងសឹងទៅនឹងការចាត់បញ្ចូលកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទៅក្នុងបញ្ជីអង្គការភេរវកម្មអន្តរជាតិ ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ ដូចគ្នា៕