(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តសម្លាប់មេទ័ពកំពូលអ៉ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani) របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កជាការភ័យខ្លាច និងព្រួយបារម្ភ

ជាច្រើនពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ ប៉ុន្តែទន្ទឹមគ្នានឹងការភ័យខ្លាច បើសិនជាសង្រ្គាម ឬជម្លោះផ្ទុះឡើង អ្នកចំណេញពិតប្រាកដពីស្ថានភាពនេះ ត្រូវបានគេមើលឃើញថាគឺជា «ចិន»។ ការយល់បែបនេះបានកើតឡើងវិញជាថ្មី បន្ទាប់ពីលោក ត្រាំ បញ្ជាឱ្យយោធាអាមេរិកសម្លាប់លោក Soleimani នៅក្បែរអាកាសយានដ្ឋាន ទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់ កាលពីដើមខែមករាកន្លងទៅ ធ្វើឱ្យគេនឹកឃើញទៅដល់រដ្ឋបាល នៃអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស (George W. Bush) ដែលបាននាំអាមេរិកប្រឡូកចូលក្នុងសង្រ្គាមនៅអ៊ីរ៉ាក់។

* តើលោក ដូណាល់ ត្រាំ កំពុងដើរតាមគន្លងរបស់លោក ប៊ូស ពិតមែនឬ?

នៅពេលលោក ចច ដាប់ប៊ែល យូប៊ូស ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែមករា ឆ្នាំ២០០១ ទីប្រឹក្សាអភិរក្សនិយមមួយចំនួនរបស់លោក បានចាត់ទុកចិនជាគំរាមកំហែងដ៏ធំរយៈពេលវែង សម្រាប់សហរដ្ឋអាមេរិក ដែលតម្រូវឱ្យមានវិធានការទប់ស្កាត់ការកើនឡើង នៃឥទ្ធិពលចិននៅលើពិភពលោក។ តមកទៀតនៅខែមេសា ឆ្នាំ២០០១ ឧប្បទ្ទវហេតុមួយបានកើតឡើង នោះគឺយន្ដហោះស៊ើបការណ៍កងនាវាអាមេរិកមួយគ្រឿង បានហោះបុកជាមួយយន្ដហោះចម្បាំងចិនមួយគ្រឿង ដែលកំពុងហោះល្បាតលើតំបន់សមុទ្រចិនខាងត្បូង។ ក្រោយហេតុការណ៍នេះ សហរដ្ឋអាមេរិកបានប្រកាសលក់អាវុធឱ្យកោះតៃវ៉ាន់ បើទោះជាចិនជំទាស់យ៉ាងណាក៏ដោយ ជាហេតុធ្វើឱ្យទំនាក់ទំនងរវាង មហាអំណាចទាំងពីរតានតឹងយ៉ាងខ្លាំងនៅពេលនោះ។

ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរ ក្រោយសហរដ្ឋអាមេរិករងការវាយប្រហារមហាភេវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ រដ្ឋបាលលោក ប៊ូស បានសម្រេចចិត្តលើកទ័ពឈ្លានពានចូលប្រទេសអ៉ីរ៉ាក់ នៅឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំរបបដឹកនាំ សាដដាម ហូសេន ក្រោមមូលហេតុអ៉ីរ៉ាក់មានអាវុធនុយក្លេអ៊ែរ និងផ្ដល់ជម្រកឱ្យក្រុមអាល់កៃដា ដែលជាអ្នកដឹកនាំការវាយប្រហារ មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ សង្រ្គាមជាមួយអ៉ីរ៉ាក់បានបង្ខំឱ្យអាមេរិក លែងសូវរវល់នឹងចិនអស់មួយរយៈធំ ហើយការយកចិត្តទុកដាក់តែទៅលើសង្រ្គាមនេះឯង បានទុកឱ្យឱកាសចិនវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ចតែម្ដង។

នៅឆ្នាំ២០០០ ផលិតផលក្នុងស្រុកសរុប ឬ GDP របស់ចិនមានតែ ១.២១ទ្រីលានដុល្លារ ប៉ុណ្ណោះពោល គឺស្មើនឹង ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែនៅចុងអាណត្តិទី ២ ជាប្រធានាធិបតីរបស់លោក ប៊ូស គឺនៅឆ្នាំ២០០៨ GDP របស់ចិនបានកើនដល់ ៤.៦ទ្រីលានដុល្លារ ឬស្មើនឹង ៣១ភាគរយនៃ GDP អាមេរិក ហើយសព្វថ្ងៃ GDP របស់ចិនឡើងដល់ ៦៥ភាគរយនៃ GDP របស់សហរដ្ឋអាមេរិក។

ក្នុងន័យនេះ ចិនបានទទួលផលចំណេញយ៉ាងលើសលប់ បន្ទាប់ពីមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា និងការសម្រេចចិត្តចូលធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ាក់របស់លោក ប៊ូស។ បច្ចុប្បន្នលោក ត្រាំ ក៏ត្រូវបានគេមើលឃើញផងដែរថា កំពុងដើរលើផ្លូវនេះដូចគ្នា ក្រោយការសម្រេចចិត្តសម្លាប់លោក Soleimani។ ដូចគ្នានឹងលោក ប៊ូស នៅពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្រុមមន្ត្រីទីប្រឹក្សា និងយោធាជាន់ខ្ពស់របស់លោក ត្រាំ បានចាត់ទុកថា ចិនជាសត្រូវភូមិសាស្ត្រានយោបាយ ដ៏ធំរបស់សហរដ្ឋអាមេរិកទាំងបច្ចុប្បន្ន និងនៅពេលអនាគត ហើយការយល់ឃើញបែបនេះវាស្ដែងចេញកាន់តែច្បាស់ ក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាសដាក់ចេញនូវ គោលនយោបាយប្រឈមមុខជាច្រើន ជាមួយចិន ក្នុងនោះរួមមានទាំងសង្រ្គាមពាណិជ្ជកម្មជាដើម ហើយបើទោះជាសព្វថ្ងៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទីមួយក៏ដោយ ក៏នេះមិនមែនមានន័យសង្រ្គាមមួយនេះត្រូវបញ្ចប់នោះដែរ។

ដូច្នេះសម្រាប់ចិន បើជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់នៅតែបន្តកើតឡើង ឬខ្លាំងជាងមុន ឬក៏បង្កទៅជាសង្រ្គាមតែម្ដង វាអាចជារឿងមួយល្អទៅវិញ ព្រោះរដ្ឋបាលលោក ត្រាំ ប្រហែលជាគ្មានពេលរវីរវល់នឹងចិន ដ្បិតគ្មានជម្រើសអ្វីផ្សេង ក្រៅតែប្រមូលធនធានទាំងឡាយ ដោយផ្ដោតតែទៅលើជម្លោះទីក្រុងតេហេរ៉ង់ ដែលនេះអាចនឹងធ្វើឱ្យលោក ត្រាំ ជាន់ដានរបស់លោក ប៊ូស។ តែយ៉ាងណាក៏ដោយ លោក ត្រាំ ផ្ទាល់កាលពីឆ្នាំ២០១៨ ធ្លាប់បានរិះគន់យ៉ាងខ្លាំងលើគោលនយោបាយ និងសង្រ្គាមរបស់លោក ប៊ូស នៅអ៉ីរ៉ាក់ជាមួយការអះអាងថា សហរដ្ឋអាមេរិកបានចំណាយដល់ ៧ទ្រីលានដុល្លារ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនេះគឺជាការបង្កកំហុសមួយដ៏ធំ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

គួរបញ្ជាក់ថា ការបញ្ជាឱ្យសម្លាប់លោក Qassem Soleimani និងភាពតានតឹងជាមួយអ៉ីរ៉ង់ បានផ្ទុះឡើងនៅចំពេលលោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងសវនាការលើនីតិវិធី ដកតំណែងរូបលោកនៅក្នុងព្រឹទ្ធសភា បន្ទាប់ពីលោកត្រូវបានសភាតំណាងរាស្ត្រ បោះឆ្នោតគាំទ្រការដកតំណែងកាលពីខែធ្នូ ឆ្នាំ២០១៩ តាមរយៈការចោទប្រកាន់ពីបទរំលោភអំណាច និងបង្កការរាំងស្ទះដល់កិច្ចការស៊ើបអង្កេតរបស់សភា។

មួយវិញទៀត បើទោះជាក្រុមមន្ត្រីជាន់ខ្ពស់របស់លោកអះអាងថា ការសម្រេចចិត្តនេះ មិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ពេលវេលាគាប់ជួនក្នុងការសម្លាប់លោក Soleimani នៅតែត្រូវបានចោទសួរនៅឡើយ ពីសំណាក់អ្នកនយោបាយបក្សប្រជាធិបតេយ្យ៕