(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ទុកជាមុនកុំឱ្យសម្លាប់បាតុករណាម្នាក់ឱ្យសោះ ខណៈបាតុកម្មតវ៉ាបាននិងកំពុងផ្ទុះឡើងទូទាំងប្រទេស ដើម្បីសម្ដែងការខឹងសម្បារ ចំពោះការច្រឡំបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដែលបានផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ១៧៦នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជូនចំពោះថ្នាក់ដឹកនាំអ៉ីរ៉ង់៖ កុំសម្លាប់បាតុករណាម្នាក់ឱ្យសោះ។ អ្នកបានសម្លាប់ និងចាប់មនុស្សរាប់ពាន់នាក់ដាក់គុកមកហើយ។ ពិភពលោកកំពុងឃ្លាំមើលអ្នក ហើយជាពិសេសគឺសហរដ្ឋអាមេរិក ក៏កំពុងឃ្លាំមើលអ្នកផងដែរ។ ដូច្នេះបើកអ៉ិនធើណិតឡើងវិញ ហើយឱ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន ក៏ដូចជាបញ្ឈប់ការសម្លាប់ប្រជាជនអ៉ីរ៉ង់ដ៏អស្ចារ្យរបស់អ្នកជាបន្ទាន់»។ តែយ៉ាងណាក៏ដោយរដ្ឋមន្ត្រីការពារអាមេរិក លោក ម៉ាក អ៊ែស្ពើរ (Mark Esper) នៅតែបញ្ជាក់ថ្មីឡើងវិញថា ទីក្រុងវ៉ាស៊ីនតោននៅតែបើកទ្វារចរចាជាមួយអ៉ីរ៉ង់ ដោយគ្មានលក្ខខណ្ឌទុកជាមមុនឡើយ។

គួរជម្រាបថា បាតុកម្មតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៉ីរ៉ង់ បានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ ខណៈថ្នាក់ដឹកនាំអ៉ីរ៉ង់ទទួលរងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីការទទួលស្គាល់ថា ការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់អ៊ុយក្រែនគឺជារឿងអចេតនា ដែលបានផ្តាច់ជីវិតមនុស្ស ១៧៦នាក់ ក្នុងនោះរួម មានទំាងជនជាតិអ៉ីរ៉ង់ខ្លួនឯង ៨២នាក់ផងដែរ។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៦គ្រាប់លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់។

ភ្លាមៗនោះដែរ ក្រោយសោកនាដកម្មដ៏អាក្រក់នេះកើតឡើង អាជ្ញាធរអ៉ីរ៉ង់ បានអះអាងថា យន្ដហោះនេះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ក្រោយហោះឡើងបានបន្តិច ចេញពីអាកាសយានដ្ឋានទីក្រុងតេហេរ៉ង់។ ប៉ុន្តែក្រោយមករដ្ឋាភិបាលអ៉ីរ៉ង់បានទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា ជាហេតុបង្កឱ្យមានការថ្កោលទោសយ៉ាងពីសំណាក់អន្តរជាតិ រីឯបាតុកម្មតវ៉ានៅក្នុងប្រទេសក៏បានផ្ទុះឡើងទៅទៀត ដើម្បីសម្ដែងការខឹងសម្បារចំពោះការកុហុកនេះ ក៏ដូចជា ទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ចុះចេញពីតំណែងផងដែរ។

ប៉ូលិសអ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ដំបង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែល ព្យាយាមចូលក្នុងសាកលវិទ្យាល័យ Amir Kabir University ស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិក ប្រចាំទីក្រុងតេហេរ៉ង់ និងបិទផ្លូវសំខាន់ៗមួយចំនួន។ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីបង្ក្រាបនេះទេ៕