(ឌូបៃ)៖ បាតុកម្មតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៉ីរ៉ង់ បានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ ខណៈថ្នាក់ដឹកនាំអ៉ីរ៉ង់ទទួលរងសម្ពាធកាន់តែខ្លាំង បន្ទាប់ពីការទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដោយអចេតនា ដែលបានផ្ដាច់ជីវិតមនុស្ស ១៧៦នាក់ ក្នុងនោះរួមមានទំាងជនជាតិអ៉ីរ៉ង់ខ្លួនឯង ៨២នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០។

យន្តហោះ Boeing 737-800 នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធសប្ដាហ៍មុន ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៦គ្រាប់លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់។

ភ្លាមៗនោះដែរ ក្រោយសោកនាដកម្មដ៏អាក្រក់នេះកើតឡើង អាជ្ញាធរអ៉ីរ៉ង់បានអះអាងថា យន្ដហោះនេះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ក្រោយហោះឡើងបានបន្តិច ចេញពីអាកាសយានដ្ឋានទីក្រុងតេហេរ៉ង់។ ប៉ុន្តែក្រោយមកទៀតរដ្ឋាភិបាលអ៉ីរ៉ង់ បានទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយអចេតនា ជាហេតុបង្កឱ្យមានការថ្កោលទោស យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ រីឯបាតុកម្មតវ៉ានៅក្នុងប្រទេសក៏បានផ្ទុះឡើងទៅទៀត ដើម្បីសម្ដែងការខឹងសម្បារចំពោះការកុហកនេះ។

ជាក់ស្ដែងនៅក្នុងវីដេអូបង្ហោះលើ Twitter បាតុករមួយក្រុម បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) និងខ្លះទៀតស្រែកជេរប្រទេចរដ្ឋាភិបាលតែម្ដងថា «ពួកគេ (រដ្ឋាភិបាលអ៉ីរ៉ង់) បានកុហុកថា សត្រូវរបស់យើងគឺជាអាមេរិក ប៉ុន្តែតាមការពិតសត្រូវរបស់ពួកយើង គឺកំពុងតែនៅចំពោះមុខយើងសោះ»

គួរជម្រាបថា បើតាមរូបភាព និងវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ក្រុមបាតុករបានរត់គេចេញពីប៉ូលិស ដែលបានប្រើប្រាស់ដំបង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករដែលព្យាយាមចូលក្នុងសាកលវិទ្យាល័យ អាមឺ ខាប៊ឺ (Amir Kabir University) ស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិក ប្រចាំទីក្រុងតេហេរ៉ង់ និងបិទផ្លូវសំខាន់ៗមួយចំនួន។ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នកចាប់ខ្លួន រងរបួស ឬអ្នកស្លាប់នៅឡើយទេ៕