(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានពន្យារពេលការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងឌូបៃ ប្រទេស អេមីរ៉ាតអារ៉ាប់រួម ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព និងសន្តិសុខ ស្របពេលប្រភពទូតជាច្រើនអះអាងថាការសម្រេចចិត្តនេះ មានជាប់ពាក់ព័ន្ធនឹងភាពតានតឹងបច្ចុប្បន្នរវាង សហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០។

លោក Israel Katz ដែលមានតួនាទីមួយទៀត ជារដ្ឋមន្ត្រីស៊ើបការណ៍សំងាត់ផងដែរនោះ ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងឌូបៃ នៅពាក់កណ្ដាល ខែមករានេះ ដើម្បីចូលរួមក្នុងពិធីតាំងពិព៌ណ៌ Expo 2020។ ប៉ុន្តែ ក្រោយទទួលបានការណែនាំពីមន្ត្រីសន្តិសុខអ៉ីស្រាអែល លោកបានពន្យារពេលទស្សនកិច្ចនេះដោយ មិនកំណត់ពេលវេលា ឬបញ្ជាក់ព័ត៌មានលម្អិតនៅពីក្រោយការសម្រេចចិត្តនេះទេ ខណៈប្រភពទូតជាច្រើនយល់ថាការពន្យារពេលដំណើរទស្សនកិច្ចរបស់លោក Katz មានជាប់ពាក់ព័ន្ធនឹងភាពតានតឹងបច្ចុប្បន្នរវាងអាមេរិក និងអ៉ីរ៉ង់ ជាពិសេសគឺបន្ទាប់ពីទីក្រុងតេហេរ៉ង់ ទទួលស្គាល់ថាខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់អ៊ុយក្រែន ដែលផ្ដាច់ជីវិតមនុស្សជិះនៅលើនោះទាំងអស់ ១៧៦នាក់ ដោយអចេតនា។

គួរបញ្ជាក់ថា ក្រោយមេទ័ពអ៉ីរ៉ង់ លោក Qasem Soleimani ត្រូវបានអាមេរិកសម្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ៉ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ព អាមេរិកពីរកន្លែងនៅលើទឹកដីអ៉ីរ៉ាក់ ដោយមិនបានបណ្ដាលឱ្យកងទ័ពណាម្នាក់ស្លាប់នោះទេ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ថ្នាក់ដឹកនាំកំពូលអ៉ីរ៉ង់បានបញ្ជាក់ថានេះគ្រាន់ តែជាចាប់ផ្ដើមប៉ុណ្ណោះ ហើយថែមទាំងព្រមានដែរថាខ្លួនអាចនឹងបើកការវាយប្រហារលើ អ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់ រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកក្នុងតំបន់ផងដែរ នៅក្នុងករណីមានការវាយប្រហារជាថ្មីពីទីក្រុងវ៉ាស៊ីនតោន៕