(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចជាផ្លូវការក្នុងការលក់យន្តហោះចម្បាំង ដែលមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដា F-35 ទៅឲ្យប្រទេសសិង្ហបុរី ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ការបញ្ជាទិញបន្ថែមទៀត នៅពេលអនាគតផងដែរ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Defense News នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០។

រំលឹកកាលពីឆ្នាំ២០១៩ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក ង៉រ អេង ហេន (Ng Eng Hen) បានប្រកាសថា ប្រទេសអាស៊ានមួយនេះនឹងដាក់សំណើមួយ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន ០៤គ្រឿងក្នុងតំណាក់កាលទី ១ ខណៈដែលសិង្ហបុរីមានចេតនាទិញយន្តហោះ F-35 ប្រភេទ B ដែលមានសមត្ថភាពពិសេស អាចចុះចត និងហោះឡើងក្នុងរយៈចម្ងាយខ្លីនេះ រហូតដល់ទៅ ១២គ្រឿងឯណោះ។

គួរបញ្ជាក់តាមក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ បានប្រកាសថា ខ្លួននឹងអនុញ្ញាតឲ្យសិង្ហបុរី ជាវយន្តហោះទាំងអស់នេះតាមក្តីប្រាថ្នា ជាមួយនឹងតម្លៃសរុបប្រមាណ ២.៧៥ពាន់លានដុល្លារអាមេរិក។ បន្ថែមពីខាងលើនេះ សិង្ហបុរីក៏មានបំណងទិញសព្វាវុធ និងគ្រឿងបរិក្ខាយោធាទំនើបៗបន្ថែមទៀតពីអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនផងដែរ៕