(ញូដេលី)៖ តុលាការមួយនៅក្នុងប្រទេសឥណ្ឌា បានចេញសាលក្រមបង្គាប់ឲ្យកាត់ទោសប្រហារជីវិត ដោយព្យួរកបុរស ០៤នាក់ ដែលត្រូវបានផ្ដន្ទាទោសពីបទរំលោភ និងសម្លាប់និស្សិតស្រីម្នាក់ មកពីសាកលវិទ្យាល័យទីក្រុងញូដេលី កាលពីឆ្នាំ២០១២ ហើយការប្រហារជីវិតជនទាំងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

កាលពីដំបូងឡើយមនុស្សសរុប ០៦នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិត ពីបទរំលោភសម្លាប់និស្សិតស្រីឈ្មោះ ជីយ៉ូទី ស៊ីង (Jyoti Singh) អាយុ ២៣ឆ្នាំ ប៉ុន្តែក្រោយមកមនុស្សម្នាក់ត្រូវបានគេដោះលែង ឱ្យមានសេរីភាព និងម្នាក់ទៀត បានធ្វើអត្តឃាតកំឡុងរង់ចាំសវនាការរបស់ខ្លួន។ ដោយឡែកនៅថ្ងៃអង្គារសប្តាហ៍នេះ ទើបតុលាការក្នុងទីក្រុងញូដេលីបានចេញសាលក្រមបង្គាប់ ឲ្យកាត់ទោសប្រហារជីវិតអ្នកទោសទាំង ០៤នាក់ខាងលើ នៅថ្ងៃទី២២ ខែមករា នៅវេលាម៉ោង ៧៖០០នាទីព្រឹក។

គួរបញ្ជាក់ថា និស្សិត Jyoti Singh ត្រូវរងការវាយដំយ៉ាងហិង្សាកាលពីខែធ្នូ ឆ្នាំ២០១២ នៅលើរថយន្ដក្រុងមួយគ្រឿង ដែលរូបនាងជិះត្រឡប់ទៅផ្ទះវិញ ក្រោយមើលរឿងកុនជាមួយមិត្តភក្តិប្រុសម្នាក់របស់នាង។ ប៉ុន្តែការវាយដំនេះ បានប្រែក្លាយជាការរំលោភតែម្ដង រីឯមិត្តភក្តិរបស់ Jyoti ត្រូវបានគេវាយឱ្យរបួស ហើយរូបនាងបាត់បង់ជីវិតក្រោយសម្រាកព្យាបាលក្នុងមន្ទីពេទអស់ ៤ យប់ ៤ថ្ងៃ៕