(អូស្ត្រាលី)៖ ភ្លៀងចាប់ផ្ដើមធ្លាក់ហើយនៅក្នុងប្រទេសអូស្ត្រាលី រីឯសីតុណ្ហភាពក៏បានចុះត្រជាក់ជាបណ្ដើរៗផងដែរ។ ប៉ុន្តែ ក្រុមមន្ត្រីបានព្រមានថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំអាចនឹងបន្តឆាបឆេះសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

ភ្លៀងបានចាប់ផ្ដើមធ្លាក់ នៅតំបន់ឆ្នេរភាគខាងកើត ចាប់ពីទីក្រុងស៊ីដនី រហូតដល់ទីក្រុង មែលប៊ឺន (Melbourne) ខណៈភ្លៀងធ្លាក់យ៉ាងជោគជាំត្រូវបាន គេរាយការណ៍នៅតំបន់មួយចំនួននៃរដ្ឋ New South Wales (NSW) ដោយធ្វើឱ្យសីតុណ្ហភាពចុះត្រជាក់បន្តិច។ តែយ៉ាងនេះក្ដី ក្រុមមន្ត្រីអូស្ត្រាលី បានព្រមានថាសីតុណ្ហភាព អាចនឹងបន្តក្ដៅខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយភ្លើងឆេះព្រៃនៅក្នុងរដ្ឋ Victoria និងរដ្ឋ New South Wales អាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរក៏ថាបាន។ បន្ថែមពីលើនេះ ក្រៅពីភ្លើងឆេះព្រៃ អូស្រ្តាលីក៏អាចនឹងត្រូវប្រឈមមុខជាមួយបញ្ហាគ្រោះទឹកជំនន់ និងព្យុះស៊ីក្លូនថែមទៀតផង នៅពេលដ៏ខ្លីនខាងមុខ។

គួរជម្រាបថា មហន្តរាយភ្លើងឆេះព្រៃនៅភាគខាងកើតអូស្រ្តាលី ដែលបានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស សរុងជាង២០នាក់ និងបំផ្លាញលំនៅឋានប្រមាណជាង១,៥០០ខ្នង ខណៈផ្ទៃដីរហូតដល់ខ្ទង់៦០,០០០គីឡូម៉ែត្រក្រឡាត្រូវបានឆាប ឆេះ។ ជាមួយគ្នានេះ បើតាមការប៉ាន់ស្មាន សត្វអាចជិត៥០០លានក្បាលបានងាប់ ដោយសារតែរដូវភ្លើងឆេះព្រៃដ៏អាក្រក់នេះ៕