(បាកដាដ)៖ សភាអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានធ្វើការទាមទារឲ្យបណ្តេញកងទ័ពអាមេរិករាប់ពាន់នាក់ ដែលកំពុងឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ចេញទៅវិញជាបន្ទាន់ ក្រោយទីក្រុងវ៉ាស៊ីនតោនបានធ្វើឃាតមេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់ នៅទីក្រុងបាកដាដ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

បច្ចុប្បន្នកងទ័ពអាមេរិកប្រមាណ ៥,២០០នាក់ កំពុងមានវត្តមាននៅតាមមូលដ្ឋានយោធាទូទាំងប្រទេសអ៊ីរ៉ាក់ ដើម្បីជួយជ្រោមជ្រែងកងទ័ពអ៊ីរ៉ាក់ ទប់ស្កាត់ការងើបឡើងមកវិញនៃក្រុមភេរវករ ISIS។ កងទ័ពអាមេរិកទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ទឹកដីអ៊ីរ៉ាក់ ក្រោមផ្នែកនៃក្រុមកម្លាំងយោធាចម្រុះអន្តរជាតិ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់បានស្នើអញ្ជើញដោយផ្ទាល់ កាលពីឆ្នាំ២០១៤ ដើម្បីមកជួយប្រយុទ្ធតតាំងជាមួយពួក ISIS ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា។

យោងតាមសេចក្តីប្រកាសរបស់ប្រធានសភាអ៊ីរ៉ាក់ លោក ម៉ូហាំម៉េដ ហាល់ប៊ូស៊ី (Mohammed Halbusi) សភាអ៊ីរ៉ាក់ក្នុងសំឡេងភាគច្រើនបានបោះឆ្នោត ជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់លុបចោលនូវសំណើរបស់ខ្លួន ស្តីពីការសុំជំនួយរបស់ក្រុមយោធាចម្រុះអន្តរជាតិ ពោលគឺឲ្យកងកម្លាំងនេះចាកចេញពីប្រទេសអ៊ីរ៉ាក់វិញ។ ជំហានបន្ទាប់ទៀត គឺគណៈរដ្ឋមន្រ្តីអ៊ីរ៉ាក់ត្រូវសម្រេចទៅលើរឿងនេះ ប៉ុន្តែនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌែល ម៉ាហ៍ឌី (Adel Abdel Mahdi) ក៏ដូចជាបានឲ្យសញ្ញាថា នឹងគាំទ្រការសម្រេចចិត្តនេះផងដែរ។

គួរជម្រាបថា ភាពប្រែប្រួលខាងលើនៃទំនាក់ទំនងរវាងអ៊ីរ៉ាក់ និងអាមេរិកបានកើតមានឡើង បន្ទាប់ពីយោធាអាមេរិកធ្វើសកម្មភាព វាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ ដើម្បីសម្លាប់មេទ័ពកំពូលម្នាក់របស់អ៊ីរ៉ង់គឺលោក កាស្សេម សូឡៃមេនី (Qasem Soleimani) ហើយវាក៏បានបណ្តាលឲ្យមេទ័ពធំម្នាក់របស់អ៊ីរ៉ាក់ផ្ទាល់ គឺលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស (Abu Mahdi al-Muhandis) បាត់បង់ជីវិតថែមទៀតផង៕