(វ៉ាស៊ីនតោន)៖ ក្រៅពីការកំណត់គោលដៅលើទីតាំងចំនួន ៥២កន្លែងរបស់អ៊ីរ៉ង់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានបន្ថែមទៀតដែរថា យោធាអាមេរិកបានដាក់គោលដៅវាយប្រហារ តំបន់បេតិកភណ្ឌវប្បធម៌អ៊ីរ៉ង់ផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានទ័ពរបស់អាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមករា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានប្រកាសគំរាមធ្ងន់ៗបែបនេះ នៅលើបណ្តាញសង្គម Twitter ដោយលោកបានសរសេរថា អ៊ីរ៉ង់ពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេរិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក កាស្សេម សូឡៃមេនី (Qassem Soleimani) បន្ទាប់ពីមេទ័ពឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ម្នាក់បានព្រមានថា ទីតាំងឈរជើងទាំង ៣៥ របស់អាមេរិកនៅមជ្ឈិមបូព៌ា នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត។

តាមរយៈគណនីបណ្តាញសង្គម Twitter លោកប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពសងសឹក មកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានរបស់អាមេរិក នោះពួកគេនឹងបានឃើញការសងសឹកបកទៅវិញ យ៉ាងធំធេងលើសលប់ ក្នុងនោះរួមមានទាំងការវាយប្រហារលើ តំបន់បេតិកភណ្ឌវប្បធម៌អ៊ីរ៉ង់ផងដែរ»

គួរជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានអ្នកជំនាញមួយចំនួនព្រមានថា កំពុងឈរនៅមាត់ជ្រោះនៃសង្រ្គាម ក្រោយលោក Qassem Soleimani ដែលជាមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់ ត្រូវបានយោធាអាមេរិកធ្វើឃាត ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ របស់ប្រទេសអ៊ីរ៉ាក់។

បើតាមក្រសួងការពារជាតិអាមេរិក លោក ត្រាំ គឺជាអ្នកចេញបញ្ជាដោយផ្ទាល់ឲ្យធ្វើបែបនេះ ដើម្បីទប់ស្កាត់គម្រោងវាយប្រហាររបស់អ៊ីរ៉ង់ គឺដើម្បីការពារខ្លួន៕