(តូក្យូ)៖ ត្រីធូណាព្រុយខៀវមួយក្បាល ត្រូវគេទិញក្នុងតម្លៃ១៩៣.២លានយេន ដែលស្មើជិត១.៨លានដុល្លារ ក្នុងព្រឹត្តិការណ៍ដេញថ្លៃ​ជាលើកដំបូងនៃឆ្នាំថ្មីនេះ នៅឯផ្សារត្រី Toyosu ក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សយពីសារព័ត៌មាន NHK នាថ្ងៃ​អាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២០។

ត្រីធូណាយក្សខាងលើដែលមានទម្ងន់២៧៦គីឡូក្រាម ត្រូវក្រុមអ្នកនេសាទចាប់បាននៅក្បែរខេត្ត Aomori ភាគខាងជើងជប៉ុន។ បើតាមទម្ងន់របស់វា ហើយយោងទៅលើតម្លៃលក់១៩៣.២លានយេន អាចមានន័យថា មួយគីឡូនៃត្រីធូណានោះថ្លៃប្រមាណជា​៧០០,០០០សែនយេន ឬ៦,៥០០ដុល្លារអាមេរិក។

គួរជម្រាបថា អ្នកដែលដេញថ្លៃឈ្នះបានត្រីធូណាយក្សនោះ គឺគ្មាននរណាក្រៅពីលោក Kimura Kiyoshi ដែលជាប្រធានក្រុមហ៊ុន​ភោជនីយដ្ឋានអាហារស៊ូស៊ីឈ្មោះ Sushizanmai ឡើយ។ លោក Kimura ក៏មានរហស្សនាមពិសេសផងដែរថា ជា Tuna King ឬស្តេចត្រីធូណា ដោយកាលពីឆ្នាំ២០១៣ លោកធ្លាប់ទិញត្រីធូណាព្រុយខៀវមួយក្បាលក្នុងតម្លៃ១.៤លានដុល្លារ ហើយកាលពី​ដើមខែមករា ឆ្នាំ២០១៩ លោកបានចំណាយរហូតដល់៣.‌១លានដុល្លារ ដើម្បីទិញត្រីធូណាយក្សនេះមួយផ្សេងទៀត។

យ៉ាងណាមិញ ត្រីធូណាព្រុយខៀវ (bluefin tuna) ត្រូវបាន​អង្គការមូលនិធិគាំទ្រសត្វព្រៃ World Wildlife Fund (WWF) ចាត់ទុកថា​ ជាប្រភេទត្រីជិតផុតពូជ និងចាំបាច់បំផុតត្រូវ​តែអភិរក្ស។ ទោះជាបែបនេះក្តី ការបរិភោគសាច់​សត្វត្រីជាច្រើនប្រភេទ​ទាំងត្រីទន្លេ និងត្រីសមុទ្រ គឺជាទំនៀម​ទម្លាប់ប្រពៃណីរាប់​សតវត្សរ៍​មកហើយនៃ​ជនជាតិ​ជប៉ុន​ទាំងអស់​ ដែលជាពិសេសនោះ គឺសាច់ត្រីបាឡែនតែម្តង៕