(ហ្សាការតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នាថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនដល់ ៤៣នាក់ហើយ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតា ខណៈមនុស្សជាង ១០នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងបាត់ខ្លួននៅឡើយ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០២០។

រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំខុសពីធម្មតា ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះមកម្ល៉េះ ដែលជាហេតុបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រួមនិងបំណាក់ដី។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ។

ជាមួយគ្នានោះប្រជាជនឥណ្ឌូណេស៊ីសរុបជាង ៤០០,០០០នាក់ហើយ ដែលរស់នៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជាយៗត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត ខណៈទីក្រុងហ្សាការតា និងតំបន់ជុំវិញរដ្ឋធានីមួយនេះ គឺជាជម្រកនៃមនុស្សជាង ៣០លាននាក់ឯណោះ។

គួរបញ្ជាក់តាមទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី បានព្យាករណ៍ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃសៅរ៍ស្អែកនេះ ឬអាចរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយក៏ថាបាន នៅក្នុងទីក្រុងហ្សាការតា។ គួររំលឹកថា កំឡុងគ្រោះទឹកជនន់ធំមួយកាលពីឆ្នាំ២០០៧ នៅក្នុងរដ្ឋធានីហ្សាការតា និងតំបន់ជុំវិញនោះបានសម្លាប់មនុស្សយ៉ាងតិច ៨០នាក់ រីឯ ៣២០,០០០នាក់ត្រូវបានជម្លៀសពីលំនៅឋាន ទៅរកទីកន្លែងមានសុវត្ថិភាព៕