(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលីនាថ្ងៃសុក្រនេះបានឲ្យដឹងថា ពួកគេកំពុងផ្តោតលើការការពារស្ថានីយផ្គត់ផ្គង់និងកែច្នៃទឹក រួមទាំង​ទំនប់ទឹកនានា​នៅក្នុងទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ទោះបីស្ថានភាពភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតប្រទេសអូស្រ្តាលីហាក់មានសភាពអន់ថយបន្តិច កំឡុងមួយរយៈពេលកន្លងទៅក៏ដោយ សីតុណ្ហភាពត្រូវគេរំពឹងថានឹងបន្តកើនឡើងខ្ពស់វិញ ជាពិសេសនៅរដ្ឋ New South Wales នាដើមសប្តាហ៍ក្រោយ។ ខណៈការបំផ្លិចបំផ្លាញ​ដោយភ្លើងឆេះព្រៃប៉ុន្មានខែមកនេះ មិនបានរាលដាលដល់បណ្តាញស្ថានីយផ្គត់ផ្គង់ក៏ដូចជាកែច្នៃទឹក និងទំនប់ទឹកនៅក្នុងរដ្ឋ New South Wales យ៉ាងណាក្តី អាជ្ញាធរអូស្រ្តាលីកំពុងងាកទៅផ្តោតសំខាន់លើការការពារស្ថានីយនិងទំនប់ទឹកទាំងនោះ នៅក្នុងទីក្រុងស៊ីដនី ហើយ​ពួកគេក៏កំពុងតាមដានជាប់លើគុណភាពទឹកនៅតាមទំនប់ ដែលអាចរងការគំរាមកំហែងពីផ្សែងឬផេះនៃភ្លើងឆេះព្រៃផងដែរ។

គួរជម្រាបថា មហន្តរាយភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតអូស្រ្តាលី បានអូសបន្លាយប៉ុន្មានខែមកហើយ ហើយវាក៏បានផ្តាច់ជីវិតមនុស្ស​​​សរុប០៨នាក់ថែមទៀតផង ដែលក្នុងនោះមានភ្នាក់ងារពន្លត់អគ្គីភ័យរបស់អូស្រ្តាលី០២នាក់៕