(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក រេសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បាននិយាយថា លោកនឹងដាក់ជូនសភាជាតិនូវសំណើ ដាក់ពង្រាយកងកម្លាំងតួកគីទៅកាន់ប្រទេសលីប៊ី ដែលកំពុងញាំញីដោយអំពើហិង្សា និងជម្លោះចាប់តាំងពីការដួលរលំរបបដឹកនាំលោក ហ្គាដាហ្វី នៅឆ្នាំ២០១១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមន្ត្រីបក្សរបស់ខ្លួន លោក Erdogan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងត្រូវបានគេចោទសួរថា តើយើងនឹងបញ្ជូនកងកម្លាំង ទៅកាន់ប្រទេសលីប៊ីដែរ ឬទេ... ខ្ញុំអាចឆ្លើយបានថា យើងនឹងទៅកន្លែងណាក៏ដោយឱ្យតែគេស្វាគមន៍ ឬអញ្ជើញ។ ដូច្នេះយើងនឹងដាក់ជូនសភាជាតិ នូវសំណើដាក់ពង្រាយកងកម្លាំងតួកគីទៅកាន់ប្រទេសលីប៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីផ្ដល់ជំនួយតាមដែលយើងអាចធ្វើទៅបានលីប៊ី»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅនាឱកាសបំពេញទស្សនកិច្ចនៅប្រទេសទុយនីស៊ី លោក Erdogan ក៏បានបញ្ជាក់ដែរថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនជាស្រេច ដើម្បីពិចារណាបញ្ជូនកងកម្លាំងទៅកាន់លីប៊ី បើសិនជាមានសំណើពីរដ្ឋាភិបាលកិច្ចព្រមពៀងជាតិលីប៊ី GNA មានមូលដ្ឋានទីក្រុងទ្រីប៉ូលី និងគាំទ្រដោយអង្គការសហប្រជាជាតិ។ ប៉ុន្តែរុស្ស៊ីដែលគាំទ្រកងកម្លាំងលីប៊ីខាងកើត បានថ្កោលទោសរាល់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងលីប៊ី ដោយមិនបានបញ្ជាក់ចំឈ្មោះតួកគីនោះទេ៕