(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន CCTV7 បានបញ្ចេញឃ្លីបវីដេអូមួយ ដែលបង្ហាញពីនាវាដឹកយន្តហោះចម្បាំងថ្មីរបស់ចិន ទើបត្រូវបានដាក់ឲ្យដំណើរការកាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ឃ្លីបវីដេអូនោះបានផ្តោតទៅលើសកម្មភាព នៃការហោះចាកចេញ និងការចុះចតនៃយន្តហោះចម្បាំងធុន J-15 របស់ចិន នៅលើនាវាផ្ទុកយន្តហោះចម្បាំងថ្មីឈ្មោះថា សានទុង (Shandong) ដែលទើបត្រូវបានដាក់ឲ្យដំណើរការ កាលពីថ្ងៃអង្គារសប្តាហ៍មុននេះ។ ដំណើការសាងសង់នៃនាវាដឹកយន្តហោះចម្បាំងនេះ បានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៣។

Shandong គឺជានាវាដឹកយន្តហោះចម្បាំង ដំបូងគេដែលចិនបានផលិតឡើងដោយខ្លួនឯង ដោយយកគំរូតាមនាវាដឹកយន្តហោះចម្បាំងទី ១ លាវណីង (Liaoning)។ វាមានសមត្ថភាពផ្ទុកយន្តហោះបានរហូតដល់ ៣៦គ្រឿង រួមមានយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ។

គួរជម្រាបថា Shandong គឺជានាវាដឹកយន្តហោះចម្បាំងទី ២ ហើយរបស់ចិន បន្ទាប់ពីនាវាដឹកយន្តហោះចម្បាំង Liaoning។ ខុសពី Shandong នាវាដឹកយន្តហោះចម្បាំង Liaoning ពុំត្រូវបានចិនផលិតឡើងដោយខ្លួនឯងទាំងស្រុងឡើយ ដោយតួខ្លួនរបស់វាត្រូវបានចិនទិញអ៊ុយក្រែន កាលពីឆ្នាំ១៩៩៨។

ដោយឡែក នាវាដឹកយន្តហោះចម្បាំងចិនទាំងពីរគឺមានរូបរាង និងប្រភេទដូចគ្នា ដោយផ្អែកទៅលើនាវាដឹកយន្តហោះចម្បាំងប្រភេទ ឃូសណេតសូវ (Kuznetsov-class) របស់អតីតសហភាពសូវៀត។ បច្ចុប្បន្ននាវាដឹកយន្តហោះចម្បាំង ដែលរុស្ស៊ីមានតែមួយគ្រឿងគត់ នោះគឺជាប្រភេទនាវាដឹកយន្តហោះចម្បាំង Kuznetsov-class នេះឯង៕