(ញូដេលី)៖ អាជ្ញាធរឥណ្ឌាកាលពីថ្ងៃសៅរ៍សប្តាហ៍នេះបានឲ្យដឹងថា មនុស្សជាង១,៥០០នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងកាលពី១០ថ្ងៃមុន ប្រឆាំងនឹងច្បាប់ថ្មីស្តីពីសញ្ជាតិ។ នេះបើតាមការដកស្រង់ការផ្សាយ​ពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩។

បាតុកម្មទ្រង់ទ្រាយធំស្ទើរតែនៅទូទាំងប្រទេសឥណ្ឌា បានចាប់ផ្តើមផ្ទុះឡើងយ៉ាងកក្រើក ក្រោយសភាឥណ្ឌាអនុម័តច្បាប់ថ្មី​ស្តីពី​សញ្ជាតិកាលពីថ្ងៃទី១១ ខែធ្នូនេះ ដែលត្រូវក្រុមអ្នករិះគន់មើលឃើញថា ជាការរើសអើងប្រឆាំងនឹងជនជាតិម៉ូស្លីម។ ក្រៅពីមនុស្ស​ជាង១,៥០០នាក់ត្រូវបានចាប់ខ្លួន ប្រមាណជា៤,០០០នាក់ទៀតត្រូវបានឃាត់ខ្លួន ប៉ុន្តែក្រោយមកត្រូវដោះលែងវិញ ហើយមនុស្ស​យ៉ាងហោចណាស់ក៏២០នាក់ដែរ បានស្លាប់ក្នុងអំពើហិង្សារវាងក្រុមបាតុករនិងប៉ូលិស ខណៈតំបន់ដែលមានភាពតានតឹងខ្លាំងជាង​គេ គឺនៅរដ្ឋ Uttar Pradesh។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ដដែល នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានកោះប្រជុំបន្ទាន់មួយ នៅក្នុងគណៈរដ្ឋមន្ត្រី​របស់លោក ស្តីអំពីបញ្ហាសន្តិសុខទូទាំងប្រទេស ខណៈបាតុកម្មបានវិវឌ្ឍកាន់តែក្តៅគគុក និងកំពុងជាបញ្ហាធ្ងន់ធ្ងរបំផុតពុំធ្លាប់មាន​សម្រាប់លោក ម៉ូឌី ចាប់តាំងតែពីលោកក្លាយជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៤។

ច្បាប់ថ្មីខាងលើមានគោលដៅផ្ដល់សញ្ជាតិដល់ជនជាតិដើមភាគតិចកាន់សាសនា ហិណ្ឌូ, ស៊ីគ (Sikhs), ព្រះពុទ្ធ, ហ្សេនស៍ (Jains), ផាស៊ីស (Parsis) និងគ្រិស្ត (Christians) មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន ដែលមកដល់ប្រទេសឥណ្ឌាមុនឆ្នាំ២០១៥ តែមិនរាប់បញ្ចូលអ្នកកាន់សាសនាអ៊ីស្លាមឡើយ។ ដូច្នេះហើយទើបអ្នករិះគន់បារម្ភថា ច្បាប់នេះអាចក្លាយជាការលុបបំបាត់សហគមន៍ម៉ូស្លីមភាគតិច នៅពេលអនាគត។ ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌាឥណ្ឌា បានទាត់ចោលការចោទប្រកាន់ពីការលំអៀងក៏ដូចជារើសអើងផ្នែកសាសនា៕