(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ការបំពេញដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ មកកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយសមភាគីលោក ណារិនដ្រា ម៉ូឌី ត្រូវបានពន្យារពេលហើយ។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

តាមការគ្រោងទុក លោក អាបេ ត្រូវធ្វើដំណើរមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី១៥ ខែធ្នូ និងចូលរួមកិច្ចប្រជុំកំពូលជាមួយ លោក ម៉ូឌី នៅក្នុងទីក្រុងហ្គូវ៉ាហាទី (Guwahati) ស្ថិតនៅរដ្ឋ អាស្សាម (Assam) នៃភាគឦសានប្រទេសឥណ្ឌា ជាទីដែលកំពុងជួបភាពលាចលដោយសារតែការផ្ទុះបាតុកម្មតវ៉ា ប្រឆាំងនឹងច្បាប់សញ្ជាតិថ្មី។

ទោះបីជាបែបនេះក្តី ខាងក្រសួងការបរទេសឥណ្ឌាមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌា និងជប៉ុនសម្រេចចិត្តពន្យារពេលនៃទស្សនកិច្ច របស់លោក អាបេ និងរៀបចំកាលបរិច្ឆេទជាថ្មីក្នុងពេលឆាប់ៗនេះ។ ជប៉ុន និងឥណ្ឌាត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមកសាងភាពស្អិតល្មួតនឹងគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី៕