(ផាន់តាអារ៉េណាស់)៖ អាជ្ញាធរឈីលីបានបញ្ជាក់ហើយ នៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិកខាងត្បូង) ថាយន្តហោះយោធា C-130 ដែលបានបាត់ដំណឹង នៅក្នុងច្រកសមុទ្រ Drake Passage ចន្លោះទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិកនោះ ពិតជាបានធ្លាក់ប្រាកមែន ហើយមនុស្សជិះនៅលើនោះទាំងអស់ ៣៨នាក់ក៏បានបាត់បង់ជីវិតផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

មេបញ្ជាការទ័ពអាកាសឈីលីលោក អាតួរ៉ូ មែរីណូ (Arturo Merino) បានប្រាប់អ្នកសារព័ត៌មាននានានៅទីក្រុង Punta Arenas នៃភាគខាងត្បូងប្រទេសថា «ស្ថានភាពនៃបំណែកយន្តហោះដែលត្រូវបានរកឃើញនោះ ជាការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចទៅរួចនោះទេដែលអាចមានមនុស្ស នៅរស់ក្នុងឧប្បដិហេតុនេះ...»។ ការថ្លែងរបស់លោក Merino ត្រូវបានបន្ទរដោយរដ្ឋមន្ត្រីការពារជាតិឈីលីលោក អាល់ប៊ឺតូ អ៊ែស្ពីណា (Alberto Espina) និងមន្ត្រីមួយចំនួនទៀតដោយបញ្ជាក់ថា បំណែកសាកសពមួយចំនួនក៏ត្រូវបានប្រទះឃើញ និងស្រង់ចេញពីក្នុងទឹកសមុទ្រផងដែរ។

គួរបញ្ជាក់ថា សម្រាប់មូលហេតុនៃការធ្លាក់របស់យន្តហោះ C-130 ហ៊ឺខាល់ស៍ (Hercules) ដែលជាផលិតផលរបស់អាមេរិកនេះ គឺមិនមានការបញ្ជាក់នោះឡើយ។ វាបានបាត់ខ្លួនកាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយពីបានហោះចេញពីទីក្រុង Punta Arenas បានតែ ២០នាទីប៉ុណ្ណោះកាលពីវេលាម៉ោង ៦៖១៥នាទីថ្ងៃនោះ។ នៅលើយន្តហោះគឺមានសហសេវិកចំនួន ១៧នាក់ និងអ្នកដំណើរ ២១នាក់ ដែលគ្រោងធ្វើដំណើរទៅកាន់ មូលដ្ឋានឈរជើងរបស់ឈីលី នៅលើទ្វីបទឹកកកអង់តាក់ទិច៕