(វ៉ាស៊ីនតោន)៖ អាជ្ញាធរព្រំដែនរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេបានរកមនុស្ស១១នាក់លាក់ខ្លួន នៅក្នុងគ្រឿងសង្ហារឹម ព្រមទាំង គ្រឿងម៉ាស៊ីនបោកខោអាវ ដើម្បីប៉ុនប៉ងឆ្លងដែនចូលមកអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អាជ្ញាធរព្រំដែនអាមេរិកកាលពីដើមសប្តាហ៍នេះ ជនជាតិចិនចំនួន១១នាក់បានពួនសំងំក្នុងរថយន្ត ដឹកទំនិញមួយគ្រឿង ដែលធ្វើដំណើរពីម៉ិចស៊ីកូមកកាន់ច្រកព្រំដែន San Ysidro ក្នុងទីក្រុង San Diego នៃរដ្ឋកាលីហ្វរញ៉ា ភាគនិរតីអាមេរិក កាលពីចុងសប្តាហ៍មុន។ ក្រោយការត្រួតពិនិត្យល្អិតល្អន់លើរថយន្តនោះ អាជ្ញាធរអាមេរិកក៏បានឆែកឃើញ ជនជាតិចិនទាំងនោះសំងំនៅក្នុង ទូរដាក់សម្លៀកបំពាក់ ហិបដាក់ឥវ៉ាន់ និងម៉ាស៊ីនបោកខោអាវជាដើម ដែលផ្ទុកក្នុងរថយន្ត។

អាជ្ញាធរអាមេរិកបានសង្កត់ធ្ងន់ថា ការលួចនាំមនុស្សឆ្លងដែនបែបនេះ គឺជារឿងដ៏គ្រោះថ្នាក់ខ្លាំង ហើយវាអាចមានលទ្ធផលអាក្រក់ជាងនេះ ទៅទៀត គឺអាចបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត។ យ៉ាងណាមិញ ក្នុងចំណោមជនជាតិចិនទាំង១១នាក់ខាងលើ ពុំបាននរណាម្នាក់បាន រងរបួសធ្ងន់ធ្ងរអ្វីឡើយ។ រីឯបុរសជាអ្នកបើករថយន្ត ដែលជាពលរដ្ឋអាមេរិកអាយុ៤២ឆ្នាំ ត្រូវបានចាប់ខ្លួន។ ទន្ទឹមគ្នានេះ អាជ្ញាធរអាមេរិក ក៏បានឃាត់ខ្លួនជនជាតិចិនទាំង១១នាក់ ដើម្បីរង់ចាំការឆ្លងកាត់នីតិវិធីអន្តោប្រវេសន៍ដែលចាំបាច់ផងដែរ។

គួរជម្រាបថា ករណីខាងលើមិនមែនជាលើកទីមួយទេ ដែលមានការលួចនាំមនុស្សឆ្លងដែននៅច្រកព្រំដែន San Ysidro ពោល គឺកាលពីខែវិច្ឆិកាកន្លងទៅនេះ អាជ្ញាធរព្រំដែនអាមេរិកបានរកឃើញជនជាតិចិន០៦នាក់ផ្សេងទៀត ដែលលាក់ខ្លួនក្នុងរថយន្តដឹកទំនិញមួយគ្រឿង៕