(តិចសាស់)៖ អ្នកទោសម្នាក់ក្នុងរដ្ឋតិចសាស់, សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសប្រហារជីវិតដោយការចាក់ថ្នាំ នៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅតិចសាស់) ពីបទសម្លាប់មន្ត្រីគ្រប់គ្រង សិប្បកម្មផលិតស្បែកជើងក្នុងពន្ធនាគារនៃទីក្រុង អាម៉ារីលឡូ (Amarillo) កាលពីជាង ១៧ឆ្នាំមុន។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។

អ្នកទោសឈ្មោះ ត្រាវីន រ៉ាន់ណែលស៍ (Travis Runnels) មានអាយុ ៤៦ឆ្នាំ ត្រូវបានផ្ដន្ទាទោសពីបទសម្លាប់មន្ត្រីពន្ធនាគារ លោក ស្ទែនលី វីលេយ (Stanley Wiley) អាយុ ៤០ឆ្នាំនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣។ Runnels ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងបន្ទប់សម្រាប់ប្រហារជីវិត នាទីក្រុង ហាន់ស៍វាល (Huntsville) ហើយការស្លាប់របស់អ្នកទោសរូបនេះ គឺជាការប្រហារជីវិតចុងក្រោយបំផុត នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ព្រមទាំងធ្វើឱ្យចំនួនអ្នកទោស ដែលត្រូវបានកាត់ទោសប្រហារជីវិតកើនដល់ ២២នាក់ក្នុងឆ្នាំនេះផងដែរ។

គួរបញ្ជាក់តាមរដ្ឋអាជ្ញាអាមេរិកឲ្យដឹងថា អ្នកទោស Travis Runnels បានចាក់សម្លាប់លោក Stanley Wiley ដោយសារតែមិនចង់ធ្វើជាអ្នកអនាម័យ នៅឯសិប្បកម្មផលិតស្បែកជើងក្នុងពន្ធនាគារ ដោយរូបគេចង់ប្ដូរទៅធ្វើការជាជាងកាត់សក់វិញ តែលោក Stanley មិនអនុញ្ញាត៕