(ហុងកុង)៖ ប៉ូលិសនៃទីក្រុងហុងកុងបានឲ្យដឹងថា ពួកគេបានដោះគ្រាប់បែកច្នៃចំនួន ០២គ្រាប់ ដែលរកឃើញនៅក្នុងបរិវេណសាលារៀនមួយកន្លែង និងកំពុងតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនសង្ស័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមប៉ូលិសហុងកុង ក្រុមភ្នាក់ងារដោះគ្រាប់បែកបានរួសរាន់ទៅកាន់សាលា វ៉ាហ៍ហាន (Wah Yan College) ក្នុងសង្កាត់ វ៉ានឆៃ (Wanchai) នៃក្រុងហុងកុង បន្ទាប់ពីអ្នកសម្អាតនៅសាលានោះ បានរកឃើញគ្រឿងផ្ទុះខាងលើកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ អ្នកជំនាញដោះគ្រាប់បែកនៃប៉ូលិសហុងកុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្រាប់បែកនោះត្រូវបានច្នៃហើយរួចរាល់ គឺត្រៀមសម្រាប់តែប្រើប៉ុណ្ណោះ ខណៈពួកវាត្រូវបានរចនា ដើម្បីអាចបញ្ជាឲ្យផ្ទុះដោយប្រើប្រាស់ទូរស័ព្ទដៃ។ យ៉ាងណាមិញប៉ូលិសហុងកុងជឿថា សាលារៀននោះមិនមែនជាគោលដៅវាយប្រហារ របស់ម្ចាស់គ្រាប់បែកទាំងនេះឡើយ ពោលគឺពួកវាអាចត្រូវគេលាក់ទុកនៅទីនោះ ដើម្បីប្រើប្រាស់នៅពេលក្រោយ។

គួរជម្រាបថា ករណីរកឃើញគ្រាប់បែកកែច្នៃនេះ បានកើតឡើងស្របពេលដែលទីក្រុងហុងកុង បានបន្តស្ថិតក្រោមភាពវឹកវរ ដោយសារតែការធ្វើបាតុកម្មដ៏តានតឹង រយៈពេលប្រមាណជាកន្លះឆ្នាំមកហើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ការប៉ះទង្គិចគ្នាហាក់បានថយចុះបន្តិចវិញ។ ពាក់ព័ន្ធករណីខាងលើ ប៉ូលិសហុងកុងក៏បានឲ្យដឹងដែរថា ពួកគេកំពុងធ្វើការស៊ើបអង្កេតថា តើមានជាប់ពាក់ព័ន្ធចលនាបាតុកម្មដែរឬអត់។ បើតាមអាជ្ញាធរហុងកុង គិតចាប់តាំងពីឆ្នាំខែមិថុនា ឆ្នាំ២០១៩នេះ មនុស្សជាង ៦,០០០នាក់ត្រូវបានចាប់ខ្លួនដោយក្នុងនោះ ៤០ភាគរយជាសិស្ស និងនិស្សិត៕