(ឡុងដ៍)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅចក្រភពអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បាននិយាយថា ប្រទេសចិនពុំដែលមានចំណាប់អារម្មណ៍ ចំពោះការប្រកួតប្រជែងមនោគមន៍វិជ្ជាឡើយ ហើយក៏មិនចង់ជំនួសតំណែងប្រទេសណាមួយដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩។

នៅចំពោះមុខការចោទប្រកាន់ពីប្រទេសមួយចំនួន ដែលបានលាបពណ៌ចិនថា ជាប្រទេសដែលបង្កហានិភ័យផ្នែកសន្តិសុខជាតិដ៏ធំមួយនោះ លោក Liu បានលើកឡើងដូច្នេះថា «រយៈពេលរាប់ពាន់ឆ្នាំមកនេះ សន្តិភាពបានក្លាយជាផ្នែកសំខាន់មួយនៃហ្សែនរបស់ប្រជាជាតិចិន ហើយប្រទេសចិនប្តេជ្ញាប្រកាន់ខ្ជាប់ជានិច្ច ក្នុងការបន្តដើរលើគន្លងផ្លូវនៃការអភិវឌ្ឍខ្លួន ប្រកបដោយសន្តិភាព និងមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ។ មួយវិញទៀតប្រទេសចិនក៏មិនចាប់អារម្មណ៍ ចំពោះការប្រកួតប្រជែងមនោគមន៍វិជ្ជាអ្វីដែរ»

លោកឯកអគ្គរដ្ឋទូតចិនបានបន្តថា វាដល់ពេលហើយដែលប្រទេសទាំងឡាយ ត្រូវងាកចេញពីការគិតទាំងឡាយ ដែលសំដៅតែទៅរកសម័យសង្រ្គាមត្រជាក់ជាថ្មី ហើយងាកមកផ្តោតលើការឆ្ពោះទៅសម្រេចឲ្យបាននូវសន្តិភាព និងសន្តិសុខ-សុវត្ថិភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្នាវិញ ព្រោះថាប្រទេសដែលមានចិត្តបើកទូលាយ នោះនឹងងាយស្រួលក្នុងការស្វែងរកមិត្ត និងដៃគូនៅជុំវិញពិភពលោក ជាជាងបង្កសត្រូវ ឬមួយក៏គូប្រជែង។

ជាចុងក្រោយលោក Liu Xiaoming បានគូសបញ្ជាក់ថា ចិនមិនមានគោលដៅចង់ប្រកួតតតាំង ឬជំនួសតំណែងប្រទេសណាមួយឡើយ ខណៈអ្វីដែលចិនចង់បាន គឺការអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនទៅមុខ៕