(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក ណាហ្វថាលី ប៊ិនណេតត៍ (Naftali Bennett) បានព្រមានអ៊ីរ៉ង់ថា ស៊ីរីនឹងក្លាយជាសមរភូមិសង្រ្គាមគ្មានទីបញ្ចប់ដ៏សាហាវ ដូចជាសង្រ្គាមនៅវៀតណាម ទីដែលសហរដ្ឋអាមេរិកធ្លាប់ទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់លោក Bennett ធ្វើប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកកាលពីថ្ងៃអាទិត្យ និងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ (Israel Katz) បានព្រមានទីក្រុងតេហេរ៉ង់ដូចគ្នាថា យោធាអ៊ីស្រាអែលនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការដឹកនាំការវាយប្រហារ តាមផ្លូវអាកាសប្រឆាំងទីក្រុងតេហេរ៉ង់ ក្នុងករណីដែលសាធារណរដ្ឋអ៊ីស្លាមមួយនេះ ហ៊ានផលិតអាវុធនុយក្លេអ៊ែរ។

ស្ថិតក្នុងឱកាសនោះ លោក Bennett បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានក្រើនរំលឹកអ៊ីរ៉ង់ថា ស៊ីរីអាចនឹងក្លាយជាវៀតណាមទី ២ របស់អ្នក ហើយបើសិនជាអ្នក (អ៊ីរ៉ង់) មិនព្រមដកខ្លួនចេញពីស៊ីរីទេ នោះអ្នកនឹងត្រូវចាក់ឬសនៅទីនោះ និងបង្ហូរឈាមពីព្រោះពួកយើងនឹងប្រើប្រាស់នូវរាល់អំណាចទាំងអស់ ដើម្បីកម្ទេចកងកម្លាំងឈ្លានពានទាំងឡាយចេញពីស៊ីរី»

គួរបញ្ជាក់ថា អ៊ីស្រាអែលតែងតែងចោទប្រកាន់អ៊ីរ៉ង់ជារឿយៗថា បានដាក់ពង្រាយកងកម្លាំងនៅលើទឹកដីស៊ីរី ដើម្បីងាយស្រួលវាយប្រហារលើអ៊ីស្រាអែល។ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធ និងព្រមានតបវិញថា នឹងកម្ទេចអ៊ីស្រាអែលត្រឹមពេល ៣០នាទីប៉ុណ្ណោះ បើសិនជាសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលហ៊ានវាយប្រហារលើអ៊ីរ៉ង់៕