(ព្យុងយ៉ាង)៖ ថ្ងៃអាទិត្យនេះ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនទើបសម្រេចបានការធ្វើតេស្តដ៏សំខាន់មួយ នៅឯមូលដ្ឋានបាញ់បង្ហោះ​ផ្កាយរណបមួយកន្លែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ​Reuters នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យបណ្ឌិតសភាវិទ្យាសាស្រ្ត​ការពារជាតិរបស់ប្រទេសកូរ៉េខាងជើង ការធ្វើតេស្តពោរពេញដោយសារសំខាន់មួយ បានប្រព្រឹត្តទៅនៅមូលដ្ឋានបាញ់ផ្កាយរណប Sohae កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ អ្នកនាំពាក្យរូបនោះ បានបញ្ជាក់ថា លទ្ធផលជោគជ័យនៃការធ្វើតេស្ត នឹងមានឥទ្ធិពលខ្លាំង ទៅលើការផ្លាស់ប្តូរគោលជំហរជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ ពុំមានការបង្ហើបឲ្យដឹងលម្អិតអំពីការធ្វើតេស្តដ៏​អាថ៌កំបាំងនេះឡើយ។

មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Sohae ស្ថិតនៅតំបន់ Tongch'ang-ri ក្នុងខេត្ត ​Pyongan ខាងជើង ភាគពាយ័ព្យកូរ៉េខាងជើង ក្បែរព្រំដែនជាប់ជាមួយប្រទេសចិន។ មូលដ្ឋាននេះ សម្រាប់ប្រើប្រាស់ក្នុងបាញ់គ្រាប់រ៉ុក្កែតដើម្បីនាំយកផ្កាយរណបឡើងទីអវកាស ប៉ុន្តែសហរដ្ឋអាមេរិកធ្លាប់បានថ្កោលទោស ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងនៅទីនោះថា តាមពិតជាគឺជាលួចសាក​ល្បងគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបរយៈចម្ងាយឆ្ងាយ។

គួរជម្រាបថា ថ្មីៗនេះកូរ៉េខាងជើងនិងអាមេរិក ហាក់បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានគ្នាទៅមកជាថ្មីឡើងវិញ ខណៈភាគីទាំងពីរ កំពុងតែបន្តជាប់គាំងជុំវិញកិច្ចប្រឹងប្រែងចរចានុយក្លេអ៊ែរ ដែលទៅមុខលែងរួចចាប់តាំងពីកិច្ចប្រជុំកំពូលលើកទីពីរ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅវៀតណាម កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ៕