(ស្វីស)៖ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ទីក្រុង Zurich នៃប្រទេសស្វីសបានក្លាយជាកន្លែងសម្រាប់ការដោះដូរអ្នកទោសយ៉ាងកម្រមួយ​រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។

ការដោះដូរអ្នកទោសខាងលើត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif និងមន្រ្តីអាមេរិកលោក Brian Hook សម្រាប់អ្នកទោសពីរនាក់ឈ្មោះ Massoud Soleimani និង Xiyue Wang។ លោក Wang ដែលជាពលរដ្ឋអាមេរិក បានជាប់ឃុំឃាំងនៅប្រទេសអ៊ីរ៉ង់អស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារការចោទប្រកាន់ថា លោក​លួចស៊ើបការណ៍សម្ងាត់ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ រីឯលោក Soleimani ដែលជាសាស្រ្តាចារ្យអ៊ីរ៉ង់ បានរងការចោទប្រកាន់នៅ​អាមេរិក ពីបទព្យាយាមនាំយកវត្ថុដែលបំពានទណ្ឌកម្មអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ង់។

គួរជម្រាបថា លោក Soleimana នឹងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់វិញក្នុងពេលឆាប់ៗ។ រីឯមន្រ្តីអាមេរិក លោក Brian Hook និងលោក Xiyue Wang បានចេញដំណើរទៅអាល្លឺម៉ង់ ដើម្បីឲ្យលោក Wang ទទួលការពិនិត្យស្ថានភាពសុខភាព នៅមជ្ឈមណ្ឌលវិជ្ជសាស្រ្ត​អាមេរិកមួយកន្លែង ក្នុងទីក្រុង Landstuhl។ លោក Wang នឹងស្នាក់នៅអាល្លឺម៉ង់រយៈពេលប៉ុន្មានថ្ងៃ មុនត្រឡប់ទៅកាន់អាមេរិក៕