(ប៉េកាំង)៖ វេទិកាសន្តិសុខតំបន់មជ្ឈិមបូព៌ា ដែលរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី២៧ និងទី២៨ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ មានអ្នកតំណាងច្រើនជាង ២០០នាក់ មកពីតំបន់មជ្ឈិមបូព៌ា និងចិនបានចូលរួម ហើយតាមរយៈកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញមួយចំនួនយល់ថា ចិនបានចាប់ផ្ដើមដោយលក្ខណៈបើកចំហតែម្តង នូវយុទ្ធនាការប្រជែងឥទ្ធិពលជាមួយអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។

យោងតាមលោក វ៉ាង ជីន (Wang Jin) ជាសាស្ត្រាចារ្យមកពីវិទ្យាសា្ថនសិក្សាមជ្ឈិមបូព៌ា និងជាអ្នកស្រាវជ្រាវម្នាក់សម្រាប់មជ្ឈណ្ឌលស្រាវជ្រាវសេរី នៃសាកលវិទ្យាល័យចិន Northwest University of China ទីក្រុងប៉េកាំងកំពុងប្រើប្រាស់យុទ្ធសាស្រ្តពីរធំៗ ដើម្បីប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា គឺនយោបាយ និងសេដ្ឋកិច្ច ពោលគឺមិនលូកលាន់ ឬធ្វើអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុង នៃបណ្ដាប្រទេសអារ៉ាប់នោះឡើយ។

លោក Wang បន្ថែមថា ជាលក្ខណៈនយោបាយ ចិនផ្ដោតសំខាន់តែលើការអភិវឌ្ឍ និងការបងើ្កនទំនាក់ទំនងទ្វេភាគីជាមួយប្រទេស ឬរដ្ឋនៅក្នុងតំបន់តែប៉ុណ្ណោះ ខុសពីសហរដ្ឋអាមេរិក ដែលផ្ដោតជាសំខាន់ខាងវិស័យការពារជាតិ។ ជាក់ស្ដែងក្នុងមួយឆ្នាំៗ ទីក្រុងវ៉ាស៊ីនតោនបានលក់អាវុធរាប់ពាន់ដុល្លារ ឱ្យសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន ជាពិសេសគឺអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែនយោបាយនេះ មិនបានធ្វើឱ្យមជ្ឈិមបូព៌ាមានស្ថេរភាព ឬសន្តិភាពឡើយ ហើយមានតែធ្វើឱ្យភាពតានតឹងផ្ទុះឡើងកាន់តែខ្លាំង ដ្បិតវាបានជំរុញឱ្យបណ្ដាប្រទេសដទៃដូចជាអ៊ីរ៉ង់ និងអ៊ីស្រាអែល បង្កើនការអភិវឌ្ឍអាវុធរៀងៗខ្លួន។

ដោយឡែកជាលក្ខណៈសេដ្ឋកិច្ចវិញ ទីក្រុងប៉េកាំងមិនបានដាក់ទណ្ឌកម្ម ឬដាក់សម្ពាធណាមួយ ប្រឆាំងនឹងបណ្ដាប្រទេស ឬរដ្ឋក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។ អ្វីដែលចិនកំពុងធ្វើ នោះគឺបង្ហាញប្រទេសទាំងនេះថា ខ្លួនមាននយោបាយទន់ភ្លន់ ដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬក៏ព្រមានដាក់ទណ្ឌកម្មលើប្រទេសដទៃ ដូចដែលសហរដ្ឋអាមេរិកកំពុងធ្វើឡើយ។ មិនតែប៉ុណ្ណោះចិនក៏សង្ឃឹមដែរថា ខ្លួនអាចនឹងប្រើប្រាស់យុទ្ធសាស្ត្រនេះ ដើម្បីលើកទឹកចិត្តឱ្យប្រទេសក្នុងតំបន់ ចូលរួមក្នុងកម្មវិធីនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ។

គួរបញ្ជាក់ថា ប្រទេសភាគច្រើនដែលបានចូលរួម ក្នុងវេទិកាសន្តិសុខតំបន់មជ្ឈិមបូព៌ា ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង កាលពីខែវិច្ឆិកាកន្លងទៅត្រូវបានគេរាយការណ៍ថា បានរិះគន់យ៉ាងខ្លាំងលើនយោបាយឯកតោភាគី និងតាំងខ្លួនជាមហាអំណាច នៅក្នុងតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក ជាពិសេសគឺការដាក់សម្ពាធ ឬទណ្ឌកម្ម និងការធ្វើអន្តរាគមន៍នានា។ បន្ថែមពីលើនេះប្រទេសទាំងនោះក៏បានឯកភាពលើកិច្ចពិភាក្សាពីនយោបាយ «new idea» ឬ «គំនិតថ្មី» សម្រាប់តំបន់មជ្ឈិមបូព៌ា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយចិនផងដែរ៕

ប្រភព៖ សារព័ត៌មាន Diplomat (ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩)