(ហុងកុង)៖ មេបញ្ជាការប៉ូលិសក្រុងហុងកុងលោក គ្រីស តាំង (Chris Tang) បានជំរុញ និងស្នើឱ្យប្រជាពលរដ្ឋទាំងអស់ «សម្ដែងការតវ៉ាដោយសន្តិវិធី» ក្រោយការអនុញ្ញាតឲ្យពួកគេ រៀបចំក្បួនដង្ហែរបាតុកម្មទ្រង់ទ្រាយធំ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈមានការព្រួយបារម្ភ ជាច្រើនពីការផ្ទុះឡើងនូវអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

លោក Chris Tang ដែលទើបតែត្រូវបានតែងតាំងជាស្នងការប៉ូលិសហុងកុងថ្មី ធ្វើការកត់សម្គាល់បែបនេះ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន មុននឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង និងត្រឡប់កាន់ទីក្រុងហុងកុងវិញនៅថ្ងៃអាទិត្យ។ លោក Tang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងអាចនឹងធ្វើជាគំរូ ក៏ដូចជាបង្ហាញប្រាប់ពិភពលោកទាំងមូលថា ប្រជាជនហុងកុងអាចរៀបចំ និងចូលរួមក្នុងក្បួនតវ៉ាទ្រង់ទ្រាយធំប្រកបដោយសណ្ដាប់ធ្នាប់ និងសន្តិវិធី... ហើយខ្ញុំក៏ជំរុញផងដែរ ឱ្យក្រុមអ្នករៀបចំការតវ៉ា នឹងជួយដល់ប៉ូលិសក្នុងការរក្សាសណ្ដាប់ធ្នាប់»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រដ្ឋាភិបាលទីក្រុងហុងកុងបានបើកភ្លើងខៀវដ៏កម្រ ឱ្យមានប្រមូលផ្ដុំ និងក្បួនដង្ហែរទ្រង់ទ្រាយ ធំមួយរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល Civil Human Rights Front (CHRF)។ រីឯក្បួនដង្ហែរនឹងត្រូវធ្វើឡើងកាត់តាមឧទ្យានវិចតូរៀ (Victoria) ទៅកាន់ចំនុចកណ្ដាលនៃសង្កាត់ពាណិជ្ជកម្មហុងកុង៕