(ញូដេលី)៖ ប៉ូលិសនៅរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌា នាថ្ងៃសុក្រនេះ បានបាញ់សម្លាប់បុរស៤នាក់ ដែលជាប់សង្ស័យក្នុង ករណីរំលោភនិងសម្លាប់នារីអាយុ២៧ឆ្នាំម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមជនសង្ស័យខាងលើដែលស្ថិតក្រោមការឃាត់ខ្លួនរបស់ប៉ូលិស នាថ្ងៃសុក្រនេះបានព្យាយាមរត់គេចខ្លួន នៅពេលពួកគេត្រូវបានបញ្ជូន ទៅកាន់កន្លែងកើតហេតុ ដើម្បីឲ្យសម្តែងឡើងវិញនូវសកម្មភាព ដែលពួកគេបានប្រព្រឹត្តទៅលើជនរងគ្រោះ ក្រោមក្របខណ្ឌនៃការស៊ើប អង្កេតរបស់ប៉ូលិស។ តែពេលនោះ ក្រុមជនសង្ស័យបានព្យាយាមដណ្តើមអាវុធពីប៉ូលិស ហើយក៏ត្រូវបានប៉ូលិសបាញ់ស្លាប់ភ្លាមៗទាំងអស់ គ្នាតែម្តង។

គួរជម្រាបថា កាលពីសប្តាហ៍មុន ការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយបានផ្ទុះឡើង បន្ទាប់ពីសាកសពជនរងគ្រោះត្រូវបានរកឃើញនៅជាយ ទីក្រុង Hyderabad នៃរដ្ឋ Telangana។ ក្រុមអ្នកតវ៉ាបានចោទអាជ្ញាធរឥណ្ឌាថា អសកម្មនិងអសសមត្ថភាព។ ហេតុការណ៍ចាប់រំលោភនោះ បានកើតឡើង នៅពេលជនរងគ្រោះដែលជាពេទ្យសត្វ បានជិះម៉ូតូទៅកាន់គ្លីនិកវេជ្ជបណ្ឌិតម្នាក់។ កំឡុងពេលដែលជនរងគ្រោះមិននៅ ក្រុមជនសង្ស័យបានលួចបន្ធូរកង់ម៉ូតូរបស់នាង ហើយពេលនាងចេញមកវិញ ពួកគេបានបញ្ឆោតនាំនារីម្នាក់នោះទៅកាន់កន្លែងមួយថា ដើម្បីជួយជួសជុលម៉ូតូ ប៉ុន្តែពេលទៅដល់ពួកគេបានធ្វើសកម្មភាពរំលោភនិងច្របាច់កឲ្យស្លាប់ ហើយដុតសាកសពជនរងគ្រោះចោល ដើម្បីបំបាត់ភស្តុតាងយ៉ាងសាហាវឃោរឃៅ៕